
ស្ត្រីជនជាតិថៃវ័យក្មេងម្នាក់បានសារភាពថា ខ្លួនបានគ្រវែងកូនប្រុសទើបកើតពីបង្អួចអគារជាន់ទី ១៧ បន្ទាប់ពីមិត្តប្រុសចុះចោល ទៅរកប្រពន្ធដើមរបស់គាត់វិញ។ នាង Netchanok Nokyungtong អាយុ ២០ឆ្នាំ បានប្រាប់ប៉ូលិសថា នាងមានអារម្មណ៍ក្ដៅក្រហាយពេលមិត្តប្រុសអាយុ ៤០ឆ្នាំ បានបោះបង់រូបនាង រួចត្រឡប់ទៅរកគ្រួសាររបស់គាត់វិញនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងប្រាប់ថា ខ្លួនមានផ្ទៃពោះ។
នាង Nokyungtong ត្រូវគេដឹងថា បានឈឺពោះសម្រាលកូននៅក្នុងផ្ទះល្វែងរបស់នាងក្នុងអគារខ្ពស់នៅទីក្រុងផាត់តាយ៉ា ប្រទេសថៃ និងសម្រាលកូននៅរសៀលថ្ងៃអង្គារទី ៧ វិច្ឆិកា ម្សិលមិញ។

ភ្លាមៗបន្ទាប់ពីកើត នាងបានរុំកូនង៉ែតក្នុងថង់ប្លាស្ទិក រួចគ្រវែងតាមបង្អួចចុះទៅក្រោមទាំងគ្មានចិត្តអាណិតស្រណោះបន្តិចឡើយ។ បើតាមការរៀបរាប់របស់សាក្សីម្នាក់ប្រាប់ប៉ូលិសថា គាត់បានឃើញរបស់ធំមួយធ្លាក់កាត់តាមបង្អួចរបស់គាត់នៅជាន់ទី ៤ រួចធ្លាក់ដល់ដីកាលពីម៉ោង ៥ល្ងាច។ ពេលគាត់រត់ចុះក្រោមទៅមើល ស្រាប់តែឃើញកូនង៉ែតក្រហមងាំងស្លាប់យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីឃើញដូចនេះ គាត់បានទូរសព្ទហៅប៉ូលិសមក ក៏ឃើញកូនង៉ែតរុំក្នុងថង់ពណ៌បៃតងទាំងនៅជាប់ទងផ្ចិត។ បេះដូងរបស់ក្មេងឈប់លោតបាត់ហើយ។ ប៉ូលិសបានឆែកមើលកាមេរ៉ាសុវត្ថិភាព និងឈានទៅដល់ការចាប់ខ្លួននាង Nokyungtong តែម្ដង។

នាងប្រាប់ប៉ូលិសថា នាងធ្វើដូច្នេះព្រោះមិត្តប្រុសរបស់នាងឈ្មោះ គីម ជនជាតិកូរ៉េខាងត្បូង មានគ្រួសារហើយ ហើយក៏ត្រលប់ទៅរកពួកគេវិញ ពេលបុរសនោះដឹងថា ខ្លួនមានផ្ទៃពោះ។ នាងបន្តថា ខ្លួនសម្រាលកូនក្នុងបន្ទប់ទឹកទាំងឥតបានព្រាងទុក បន្ទាប់មកនាងបានបើកបង្អួចគ្រវែងចោលទៅក្រោមតែម្ដង។
ពេលនេះប៉ូលិសបានបញ្ជូននាងទៅពិនិត្យមើលសុខភាព ប៉ុន្តែនាងនឹងជាប់ពន្ធនាគារ ប្រសិនបើគេប្រមូលភស្តុតាងបានសព្វគ្រប់៕







0 comments:
Post a Comment