Thursday, November 9, 2017

ទម្លាប់ប្លែកៗទាំង ១០ របស់ជនជាតិជប៉ុនដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលពេលបានដឹង


ជនជាតិជប៉ុនគឺជាជនជាតិមួយដែលគេឲ្យតម្លៃថាជាជនជាតិដែលមានសុជីវធម៌បំផុត ទន្ទឹមនឹងនោះច្បាប់ទម្លាប់របស់ជប៉ុនហាក់មានភាពរញ៉ែរញ៉ៃបន្តិចសម្រាប់ជនបរទេស ពីព្រោះតែវាភាពខុសប្លែកពីបណ្ដាប្រទេសផ្សេងក្នុងពិភពលោក ។ ខាងក្រោមនេះគឺជាទម្លាប់ប្លែកៗទាំង ១១ របស់ជនជាតិជប៉ុន ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក ហើយវាក៏អាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលផងដែរ ។
១ របៀបក្នុងការហៅនរណាម្នាក់

នៅប្រទេសជប៉ុនការហៅនរណាម្នាក់ដោយប្រើត្រឹមតែឈ្មោះគឺមិនទាន់គ្រប់គ្រាន់នោះទេ ការបន្ថែមពាក្យនៅកន្ទុយនៃឈ្មោះទៅតាមឋានៈគឺជាការបង្ហាញនូវការគោរពមួយទៅកាន់នរណាម្នាក់ ។
”-kun“ — ជាធម្មតាគេប្រើពាក្យថា -kun នេះគឺសំដៅទៅលើមិត្តភក្ដិ
“-chan” — ពាក្យនេះជាធម្មតាគេប្រើជាមួយនឹងកូនក្មេងតូច សមាជិកគ្រួសារជាមនុស្សស្រី មនុស្សជាទីស្រលាញ់ ឬមិត្តភក្តិជិតស្និត
“-sama“ — នេះជាពាក្យបង្ហាញពីការគោរពបំផុត (”ចៅហ្វាយនាយ មេ អភិជន លោកម្ចាស់,” “ជនជាទីគោរព”) វាធ្លាប់ត្រូវបានប្រើសម្រាប់ លោកម្ចាស់ ឬ ក៏អទិទេព ។ សព្វថ្ងៃនេះ ពេលខ្លះគេប្រើប្រាស់វាដើម្បីបង្ហាញពីអារម្មណ៍អៀនខ្មាស់ផងដែរ ។
”-senpai“ — ប្រើសម្រាប់ហៅសិស្សច្បង ឬ មិត្តរួមថ្នាក់ដែលមានអាយុច្រើនជាង
”-kōhai“ — វាផ្ទុយពី -senpai គឺប្រើសម្រាប់ហៅសិស្សប្អូន ឬ មិត្តរួមថ្នាក់អាយុប្អូន
”-sensei“ — សម្រាប់ហៅគ្រូបង្រៀន, វេជ្ជបណ្ឌិត, អ្នកវិទ្យាសាស្ត្រ, អ្នកនយោបាយ, និង អាជ្ញាធរដទៃទៀត។
”-shi” — ត្រូវបានគេប្រើសម្រាប់ការសរសេរបែបផ្លូវការ


២ ការផ្លាស់ប្ដូរនាមប័ណ្ណ

ការផ្លាស់ប្ដូរនាមប័ណ្ណគ្នារបស់ជនជាតិជប៉ុនអាចចម្លែកជាងប្រទេសយើង និងប្រទេសជាច្រើនទៀត ហើយនេះគឺជាច្បាប់ទម្លាប់ ៖
ត្រូវប្រាកដថាផ្នែកខាងមុខនៃនាមប័ណ្ណរបស់អ្នកបែរទៅរកដៃគូ
ប្រគល់ដោយដៃទាំងសងខាង
បើសិនឋានៈរបស់អ្នកតូចជាដៃគូ ត្រូវកាន់នាមបណ្ណទាបជាងដៃគូ
បើសិននរណាម្នាក់ប្រគល់នាមប័ណ្ណឲ្យអ្នក, សូមដាក់វានៅលើកន្លែងដែលត្រូវទុកនាមប័ណ្ណ (cardholder) ហើយចំណាយពេល ២ ទៅ ៣ វិនាទីមើលវាសិនមុននឹងដាក់វាទុក
ក៉ំភ្លេចឱនក្បាលផង
វាជារឿងមិនល្អនោះទេដែលគ្មានកន្លែងសម្រាប់ដាក់នាមប័ណ្ណ (cardholder)



វាពិតជាខុសឆ្ងាយពីទម្លាប់របស់យើងឆ្ងាយណាស់ — យើងគ្រាន់តែទទួលបាននាមបណ្ណដាក់ក្នុងហោប៉ៅជាការស្រេច !
៣ នៅក្នុងជណ្ដើរយន្ត

ប្រសិនបើអ្នកជាមនុស្សដំបូងគេដែលចូលទៅក្នុងជណ្តើរយន្តដែលទំនេរ, អ្នកត្រូវក្លាយជា “កាពីទែននៃជណ្តើរយន្ត”, ហើយអ្នកគួរតែឈរនៅជិតផ្ទាំងបញ្ជា។ អ្នកត្រូវរក្សាទ្វាឲ្យបើករហូតដល់មនុស្សគ្រប់គ្នាចូលក្នុងជណ្តើរយន្តអស់។ ត្រូវបន្តធ្វើបែបនេះគ្រប់ជាន់ទាំងអស់ ហើយអ្នកត្រូវតែជាអ្នកចុងក្រោយដែលចាកចេញពីជណ្ដើរយន្ត។

ប្រសិនបើអ្នកជាអ្នកទេសចរទៅលេងប្រទេសជប៉ុន យើងសូមណែនាំអ្នកកុំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សទីមួយក្នុងជណ្ដើរយន្តទទេឲ្យសោះ ក្នុងករណីមានមនុស្សច្រើនកំពុងរងចាំជណ្ដើរ ។


៤ នៅលើរថភ្លើងក្រោមដី

នៅលើរថភ្លើងក្រោមដីមានបទបញ្ជាយ៉ាងតឹងរឹងមួយចំនួនដូចជា ត្រូវរក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវនិយាយទូរសព្ទឮៗនោះទេ ហើយការប្រើក្រសែភ្នែកសំឡក់សំឡឹងអ្នកដទៃក៏ចាត់ទុកជាកាយវិការមិនសមរម្យផងដែរ។

ប្រជាជនជប៉ុនមានទម្លាប់ប្រគល់កន្លែងអង្គុយរបស់ខ្លួនទៅឲ្យមនុស្សចាស់ បើទោះបីជាគាត់អាចឈរបានក៏ដោយ ហើយនៅលើកៅអីមួយចំនួនក៏មានសញ្ញាពិសេសដែលបង្ហាញថាវាគឺសម្រាប់តែជនពិការ និងស្ត្រីមានផ្ទៃពោះ ផងដែរ ដូចនេះបើសិនជាអ្នកមិនមែនជាមនុស្សប្រភេទទាំងនេះទេ អ្នកមិនអាចអង្គុយលើកៅអីនោះបាននោះទេ ។


៥ ការប៉ះពាល់

នៅក្នុងប្រទេសជប៉ុន ការប្រើក្រសែភ្នែកសម្លក់សម្លឹងទៅកាន់អ្នកដទៃ ឬ ប៉ះពាល់អ្នកដទៃដោយគ្មានការអនុញ្ញាតិ គឺជាកាយវិការមិនសមរម្យមួយ។ ប្រជាជនជប៉ុនម្នាក់គោរពដល់ចម្លោះផ្ទាល់ខ្លួនរបស់អ្នកដទៃខ្លាំងណាស់ ដូចនេះបើសិនជាបានទៅលេងប្រទេសជប៉ុនក៉ំព្យាយាមប៉ះពាល់អ្នកដទៃឲ្យសោះ ។

ការថើបនៅកន្លែងសាធារណៈក៏មិនមែនជារឿងល្អដែរ ហើយកាលពីឆ្នាំ ១៩៤៥ ទង្វើនេះត្រូវបានគេហៅថាការរំលោភបំពានលើសណ្ដាប់ធ្នាប់សាធារណៈទៀតផង ។

៦ ការទទួលទានគ្រឿងស្រវឹង

នៅពេលទទួលទានគ្រឿងស្រវឹង គឺជាពេលវេលាដែលឋានានុក្រមសង្គមត្រូវបានគេទុកមួយឡែក ហើយពួកគេទទួលទានយ៉ាងជោគជាំតែម្ដង (ផឹកយកស្លាប់យករស់)។

សាស្ត្រាចារ្យអាចទទួលទានគ្រឿងស្រវឹងជាមួយនឹងសិស្សរបស់ខ្លួនបាន ហើយបើសិនជាគាត់ស្រវឹងសិស្សត្រូវក្រៀគាត់ទៅផ្ទះ​ ។ ចំណែកឯបុគ្គលិក ឬ អ្នកជំនួញ នៅពេលធ្វើការជួបនិងសំដែងការគោរពដល់ដៃគូជំនួញពួកគេអាចទទួលទានគ្រឿងស្រវឹងនៅពេលថ្ងៃ គេអាចស្រវឹងនៅខារ៉ាអូខេ និងក្អួតដាក់នៅលើឈុតសំលៀកបំពាក់របស់ខ្លួនបាន ហើយនេះគឺជារឿងធម្មតាទៅហើយ ។

ហើយនៅពេលដែលពួកគេស្វាងពីស្រវឹង បើទោះបីជាមានរឿងអីកើតឡើងក៏ដោយ ពួកគេត្រូវធ្វើដូចជាមិនមានអ្វីកើតឡើងទាល់តែសោះ សូម្បីតែខ្លួនឯងកំពុងតែដេកនៅក្បែរចិញ្ចើមផ្លូវ ។


៧ លុយ

ជនជាតិជប៉ុនមានអាកប្បកិរិយាចម្លែកចំពោះលុយ: ពីព្រោះតែពេលខ្លះពួកគេខ្មាស់អៀនក្នុងការបង្ហាញវាជាសាធារណៈ ដូច្នេះស្រោមសំបុត្រដាក់ប្រាក់ដែលតុបតែងតាមលក្ខណៈប្រពៃណីគឺមានប្រជាប្រិយភាពណាស់នៅក្នុងប្រទេសនេះ។ ហើយប្រសិនបើអ្នកមិនមានស្រោមសំបុត្រនោះទេអ្នកនឹងត្រូវរុំក្រដាសប្រាក់ដោយក្រដាសមួយសន្លឹកមុននឹងប្រគល់ទៅឱ្យនរណាម្នាក់។

ជាការពិតអ្នកមិនចាំបាច់ធ្វើបែបនេះនៅផ្សារទំនើបនោះទេ ប៉ុន្តែអ្នកនៅតែត្រូវពិចារណាពីច្បាប់មួយនេះ: គឺអ្នកមិនអាចប្រគល់ប្រាក់របស់អ្នកដល់អ្នកគិតលុយដោយផ្ទាល់ដៃនោះទេ គ្រាន់តែដាក់វានៅលើតុគិតលុយ ទង្វើនេះសម្រាប់ជាប្រយោជន៍ក្នុងការការពារចន្លោះផ្ទាល់ខ្លួន ឬ មិនឲ្យអ្នកដទៃប៉ះពាល់អ្នក ឬ អ្នកទៅប៉ះពាល់អ្នកដទៃ។


៨ សិល្បនៃការអង្គុយដ៏ត្រឹមត្រូវ

ការអង្គុយដោយបត់ជើងទៅក្រោមភ្លៅត្រូវបានគេហៅថា “Seiza” ហើយជនជាតិជប៉ុនអង្គុយនៅលើកំរាលតាមរបៀបនេះតែប៉ុណ្ណោះ។ ពួកគេមានអារម្មណ៍ថាមានភាពងាយស្រួលក្នុងការអង្គុយបែបនេះ វាប្រៀបដូចជានៅក្នុងកៅអីពូកមួយ។ ប៉ុន្តែដោយសារតែជនបរទេសមិនមានទម្លាប់បែបនេះ ជើងរបស់ពួកគេនឹងក្លាយទៅជាស្ពឹកក្នុងរយៈពេលត្រឹមតែពីរទៅបីនាទីតែប៉ុណ្ណោះ។


៩ កាដូរ

នៅប្រទេសជប៉ុនវប្បធម៌នៃការផ្តល់អំណោយនៅតែរក្សាបានយ៉ាងល្អ ហើយមានរដូវកាលផ្តល់អំណោយពិសេសចំនួន ២ដងក្នុងមួយឆ្នាំគឺៈ អូជូគិន (o-chugen) ៖ (រដូវក្តៅ) និង អូស៊ិបូ (o-seibo) (រដូវរងា) ។

នៅប្រទេសជាច្រើនវាជាទម្លាប់ក្នុងការបើកអំណោយនៅពេលដែលទទួលបានភ្លាម ប៉ុន្តែក្នុងប្រទេសជប៉ុនការធ្វើបែបនេះគឺជាសញ្ញានៃការលោភលន់និងភាពមិនចេះអត់ធ្មត់។


១០ ការឱនគោរព

សិល្បៈនៃការឱនមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសនេះដែលគ្រប់គ្នាត្រូវរៀនសូត្រពីវាតាំងពីក្មេងម្ល៉េះ ។ មានវិធីផ្សេងគ្នាជាច្រើនដើម្បីឱនក្បាលនៅក្នុងប្រទេសជប៉ុន: ការឈរ, អង្គុយ និងរវាងមនុស្សស្រីទៅកាន់មនុស្សប្រុស។
ការឱនរបៀបរាក់ទាក់ ( “eshaku“) គឺគេឱនត្រឹមម៉ំ 15° ដែលវាប្រើសម្រាប់អ្នកជំនួញដែលមានឋានៈស្មើរ ឬ មនុស្សក្នុងសង្គមដែលមានឋានៈស្មើរគ្នា
ការឱនដោយការគោរព (”keirei“) គឺគេឱនត្រឹមម៉ំ 30° គេឱនចំពោះគ្រូបង្រៀន និងចៅហ្វាយនាយ
ការឱនបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ (“saikeirei”) ឱនត្រឹមម៉ំ 45° ការឱនរបៀបនេះគឺបង្ហាញពីការស៉ំអភ័យទោស ឬ ក៏នៅចំពោះមុខអធិរាជ
ការឱនរបៀបអង្វករស៉ំលើកលែងជីវិត សព្វថ្ងៃនេះគេប្រើវានៅពេលដែលសាងកំហុសឆ្គងអ្វីមួយ



ជាការពិតណាស់ជនបរទេសមិនរំពឹងថាអាចនឹងឱនទេព្រោះវាមិនទម្លាប់ ប៉ុន្តែជនជាតិជប៉ុននឹងរីករាយប្រសិនបើអ្នកឱនត្រលប់ទៅកាន់ពួកគេវិញ។
១១ ការដើរចេញ

នៅក្នុងប្រទេសជប៉ុនអតិថិជនឬដៃគូពាណិជ្ជកម្មគឺស្ទើរតែជាព្រះហើយ ព្រោះត្រូវបានការគោរពមិនគួរឱ្យជឿ។ នៅពេលដែលពួកគេចាកចេញពីពីហាង ឬ ក្រុមក្រុមហ៊ុន បុគ្គលិកទាំងអស់ត្រូវដើរតាមរហូតដល់មាត់ទ្វារឬទ្វាជណ្តើរយន្ត ហើយរក្សាការឱនចុះរហូតដល់ទ្វារបិទ។



ប្រភព ៖ Brightside.me

Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.