Wednesday, December 6, 2017

ថ្មីៗ!!! ពេលនេះឯកសារ​រាប់ពាន់ច្បាប់ ត្រូវ​បាន​ដកហូត​ពី ​ជនជាតិវៀតណាម​ ដែលរស់នៅ​លើបឹងទន្លេសាបហើយ ដោយសារតែ...


កំពង់ឆ្នាំង៖ ​ដំណើរការ​ត្រួតពិនិត្យ​ឯកសារ​មិន​ប្រក្រតី​របស់​ជនបរទេស​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ប្រមាណ​​ជា​ ៥០ ​ភាគរយ​ហើយ ខណៈ​មាន​ឯកសារ​រាប់ពាន់​ច្បាប់​ត្រូវ​បាន​ដកហូត​​ពី​ជនជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប​។
ក្នុង​រយៈពេល​ ៨ ​ថ្ងៃ​ចុង​ក្រោយ​នេះ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​មហាផ្ទៃ​បាន​ត្រួតពិនិត្យ​ឯកសារ​ជនជាតិ​វៀតណាម​បាន​ចំនួន​ ១៧៣៣ គ្រួសារ​ក្នុង​ចំណោម​ ២៣៩៣ ​គ្រួសារ​ដែល​មាន​មនុស្ស​សរុប​ចំនួន​ ១០០ ០៨៧ ​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ ​ក្នុង​នោះ​បាន​ដកហូត​ឯកសារ​ដែល​មាន​ភាព​មិន​ប្រក្រតី​បាន​រាប់ពាន់​ច្បាប់​ដូចជា​សៀវភៅ​គ្រួសារ​,​សំបុត្រ​កំណើត​,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​សំបុត្រ​អាពាហ៍ពិពាហ៍​ជាដើម​។ នេះ​បើ​តាម​លោក​ ប៉ាន់ ឡៃឃាង ប្រធាន​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​។




លោក ឡៃឃាង បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​យើង​អនុវត្ត​បាន​ប្រមាណ​ជា​ ៥០ ​ភាគរយ​ហើយ​ដែល​មាន​ ១៧៣៣ គ្រួសារ​។ ជាង​ ១៧០០ ​ហ្នឹង បើ​គិត​ទៅ​វា​មាន​ [​ឯកសារ​] ​រាប់​ពាន់​ច្បាប់​ត្រូវ​បាន​ដកហូត​»​។

ទោះ​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ចំនួន​ឯកសារ​ដកហូត​ជាក់លាក់​នោះ​ទេ ដោយ​លោក​ថា​ដំណើរ​ត្រួត​ពិនិត្យ និង​ដក​ហូត​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ បន្ទាប់ពី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា​កន្លង​មក​។




អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​លុបចោល​ និង​ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​កាលពី​ខែ​តុលា​កន្លង​មក​ថា​ប្រទេស​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​ ៧ ​ម៉ឺន​នាក់​ដែល​មាន​សញ្ជាតិ​ចំនួន ៥ ​ផ្សេង​គ្នា​ក្នុង​នោះ​តួលេខ​ជនជាតិ​វៀតណាម​មាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ជាង​ ៩០ ​ភាគរយ​។




លោក ប៉ាន់ ឡៃឃាង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​បន្ទាប់ពី​ត្រូវ​ដកហូត​ឯកសារ​ហើយ​មន្ត្រី​នគរបាល​នឹង​បំពេញ​បែបបទ​ជូន​ពួកគាត់​ជា​ជនអន្តោប្រវេសន៍​​ហើយ​យក​ទៅ​ដាក់​ពាក្យ​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឲ្យ​ក្រសួង​ចេញ​ប្រកាស​ទទួល​ស្គាល់​ពួកគាត់​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​រស់នៅ​កម្ពុជា​។

លោក​ថា​៖ «​ពាក់ព័ន្ធ​នឹង​ឯកសារ​មិន​ប្រក្រតី​ហ្នឹង​យើង​ត្រូវ​ដកហូត ហើយ​ឲ្យ​គាត់​បំពេញ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​យើង​​ដើម្បី​ទទួល​បាន​ការ​ប្រកាស​ទទួល​ស្គាល់​ស្រប​ច្បាប់​។ ការងារ​នេះ​ក៏​ត្រូវ​មាន​ការ​​ត្រួតពិនិត្យ​ច្រើន​តាម​ផ្លូវ​ច្បាប់​ដែរ​»​។




លោក ប៉ាល់ សូត្រ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ទទួល​បន្ទុក​គ្រប់គ្រង​ជនបរទេស​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រោយ​ពេល​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​រួច សេចក្តី​ប្រកាស​មួយ​នឹង​ត្រូវ​ចេញ​ប្រមាណ​ជា​ ១ ​ខែ​ក្រោយ​មក​។ ក្រោយ​ពេល​ទទួល​បាន​សេចក្តី​ប្រកាស​ទទួល​ស្គាល់​ជា​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​ហើយ ជនអន្តោប្រវេសន៍​ទាំង​នោះ​នឹង​អាច​ដាក់​ពាក្យ​ស្នើសុំ​ចូល​សញ្ជាតិ​ខ្មែរ​នៅ​រយៈពេល​ ៧ ​ឆ្នាំ​ក្រោយ​មក​។ ក្នុង​អំឡុង​ពេល​នោះ​ក៏​មាន​ការ​បង់អាករ​ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​ផង​ដែរ​។ លោក​ស្នងការរង​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ត​នោះ​ទេ​ដោយសារ​ជាប់​រវល់​។




កាលពី​ពេល​កន្លង​មក​ មន្ត្រី​អាជ្ញាធរ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​រស់នៅ​កម្ពុជា​គឺ​ជន​បរទេស​ទាល់តែ​មាន​សេចក្តី​ប្រកាស​ទទួល​ស្គាល់​របស់​ក្រសួង​មហាផ្ទៃ​។

បន្ទាប់​មក​បុគ្គល​នោះ​ត្រូវ​សុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ពី​ការិយាល័យ​អន្តោប្រវេសន៍​ និង​ស្ថាប័នរដ្ឋ​។ ​នៅ​ពេល​បាន​ប័ណ្ណ​ស្នាក់នៅ​ហើយ​ពួកគាត់​ត្រូវ​មាន​កាតព្វកិច្ច​បង់ពន្ធ​ ឬ​អាករ​ជូន​រដ្ឋ​ទៅ​តាម​ច្បាប់​កំណត់​គឺ​ ២៥ ម៉ឺន​រៀល​ក្នុង​ម្នាក់​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​។




ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ផ្ញើ​សារ​សុំ​អត្ថាធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឆ្លើយតប​ទេ​កាលពី​ម្សិលមិញ​៕




Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.