អាណិតគាត់ !!! មិនចេះអក្សរប្រឹងអូសរទេះលក់មីឆា តែមានអាជើងល្អយកលុយក្រដាស១ពាន់ថ្មី បន្លំគាត់ថាជាក្រដាស១០ម៉ឺន
លោកតាចំណាស់មិនចេះអក្សរប្រឹងអូសរទេះលក់មីឆាលក់ដើម្បីសន្សំលុយឲ្យកូនរៀនមហាវិទ្យាល័យ តែចង្រៃអីមានអាជើងល្អយកលុយក្រដាស១,០០០៛បន្លំគាត់ថាជាក្រដាស១០០,០០០៛ធ្វើឲ្យគាត់ខាតទាំងព្រឹកនឹកឃើញហួសចិត្តព្រឹកម៉ិញចេញទៅរកអីញ៉ាំនៅខាងក្រៅក៏ជួបលោកអ៊ំចាស់ម្នាក់រុញរទេះលក់មីឆា ខ្ញុំក៏ហៅគាត់ហើយប្រាប់ឱ្យគាត់ឆាមីមួយប្រអប់។ មើលទៅគាត់ហេវហត់មិនសូវមានកម្លាំងទេ។ ពេលគាត់កំពុងឆាមី ខ្ញុំក៏សួរនាំពីនេះពីនោះ ទើបដឹងថាគាត់មានកូនស្រីកំពុងរៀនឆ្នាំទីបីនៅសាកលវិទ្យាល័យ ហើយគាត់ប្រឹងរាល់ថ្ងៃនេះគឺដោយសារចិញ្ចឹមកូនជានិស្សិតនោះ និងកូន2នាក់ទៀត ដោយកូនស្រីគាត់សន្យាថាក្រោយរៀនចប់នឹងឈប់ឱ្យគាត់លក់មីឆាទៀតហើយ។ ខ្ញុំស្ដាប់អាណិត និងកោតសរសើរទឹកចិត្តគាត់ណាស់។ ក្រោយឆាមីហើយខ្ញុំទាញលុយក្រដាស10$ ឱ្យគាត់ តែគាត់មើលយ៉ាងយូរ, ហើយប្រាប់ខ្ញុំថា «សុំទោសក្មួយ អ៊ុំអត់មានលុយអាប់ទេ។ ព្រោះព្រឹកម៉ិញអាប់លុយឱ្យគេអស់ហើយ។»ខ្ញុំក៏ទាញលុយ3000៛ឱ្យគាត់។ គាត់ឃើញខ្ញុំមានលុយរាយច្រើនគួរសម ក៏និយាយ, «បើក្មួយមានរាយ ដូរឱ្យអ៊ុំខ្លះផង។»ខ្ញុំតបថា «បាទ អត់អីទេអ៊ុំ, ចង់ដូរប៉ុន្មានដែរ? ខ្ញុំដូរឱ្យ។»
គាត់ថា «ដូរ10ម៉ឺន។» ថាហើយគាត់ក៏ទាញលុយ 1000៛ ចេញថ្មី ហុចឱ្យខ្ញុំ។ ខ្ញុំមើលលុយនោះហើយតបថា, «អ៊ុំ! នេះមិនមែនលុយ10ម៉ឺនទេអ៊ុំ! គឺ1ពាន់រៀលទេ!!»ឮខ្ញុំនិយាយបែបនេះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង! គាត់ប្រាប់ថាកន្លះម៉ោងមុនមានបុរសម្នាក់ទិញមីឆាគាត់ហើយហុចលុយនេះឱ្យគាត់ កុហកគាត់ថាជាលុយ 10ម៉ឺនរៀល។ ដោយសារអ៊ុំនេះគាត់មិនចេះអក្សរ ហើយមើលលុយតាមតែការចំណាំ ក៏ជឿថាជាលុយ10ម៉ឺនមែន ហើយបានអាប់លុយឱ្យបុរសនោះ9ម៉ឺន7ពាន់។
គាត់និយាយទាំងមុខក្រៀម ខ្ញុំឃើញអាណិតគាត់ណាស់ក៏យកលុយ1ពាន់នោះពីគាត់ព្រមទាំងនិយាយថា «មិនអីទេអ៊ុំ។ ខ្ញុំសុំទិញលុយនេះទៅចុះ។ តែអ៊ុំគួរចាំថានេះជាលុយ 1ពាន់រៀលទេ កុំឱ្យមានគេបោកទៀតលើកក្រោយ។» និយាយហើយខ្ញុំហុចលុយរបស់ខ្ញុំ10ម៉ឺនរៀលឱ្យទៅគាត់។ គាត់មិនសូវចង់ទទួលលុយពីខ្ញុំទេ។«តែមីឆាមួយប្រអប់តែ3ពាន់រៀលទេក្មួយ!» គាត់និយាយទាំងមុខក្រៀម។
ខ្ញុំតប, «មិនអីទេអ៊ុំ! ខ្ញុំអាណិតអ៊ុំ ត្រូវគេបោកប្រាស់! យកលុយនេះចុះ ខ្ញុំចង់ធ្វើអំពើល្អជាមួយមនុស្សចាស់!» ខ្ញុំនិយាយបែបនេះទើបគាត់ព្រមទទួលយកលុយខ្ញុំ។ ខ្ញុំដើរត្រឡប់មកផ្ទះវិញជាមួយលុយ1ពាន់រៀល និងមីឆាមួយប្រអប់។ មកដល់ផ្ទះ, ខ្ញុំសម្លឹងមើលទៅលុយ1ពាន់រៀលនោះទាំងហួសចិត្ត, ហួសចិត្តនឹងមនុស្សដែលបោកប្រាស់អ៊ុំលក់មីឆា…ម៉េចក៏ចិត្តអាក្រក់ម្ល៉េះ!!! លុយ អ្នកណាក៏ចង់បានដែរ តែមិនគួរបញ្ឆោតបោកប្រាស់មនុស្សចាស់ទេ។ ពេលខ្លះមនុស្សដែលចេះដឹង បែរជាថោកទាបជាងមនុស្សមិនចេះអក្សរ។ ខ្ញុំមិនថាខ្ញុំជាមនុស្សល្អទេ តែបើឱ្យខ្ញុំទៅបោកប្រាស់គេ ខ្ញុំធ្វើមិនបានទេ។
សរសេរដោយ : LengHak Lee
ប្រភពFB : LengHak Lee
Loading...
0 comments:
Post a Comment