
(រីយ៉ាដ)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៤០០លានដុល្លារ ដល់អ្នកក៏ដោយឱ្យតែផ្ដល់ព័ត៌មាន ពីទីតាំងលាក់ខ្លួនរបស់បណ្ដាមេដឹកនាំក្រុមឧទ្ទាមហូទីទាំង ៤០នាក់នៅក្នុងប្រទេសយ៉េមែន។ ការប្រកាសផ្ដល់ប្រាក់រង្វាន់នេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កងកម្លាំងទ័ពអាកាសអារ៉ាប៊ីសាអូឌីត បាន បាញ់ទម្លាក់មីស៊ីលមួយគ្រាប់ បាញ់ចេញពីទឹកដីយ៉េមែនឆ្ពោះមកកាន់ទីក្រុងរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត ដែលជាអ្នកចេញប្រកាសផ្ដល់ប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានបញ្ជាក់ថា វាជាការ ឆ្លើយតបមួយទៅនឹងការកើនឡើង នៃសកម្មភាពភេរវកម្មរបស់ពួកឧទ្ទាមហ៊ូទី ដែលកំពុងបន្តសកម្មភាពបំផ្លាញដល់សន្តិសុខ អារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែលក៏បានចោទប្រកាន់ផងដែរថា ក្រុមឧទ្ទាមហ៊ូទី អ៊ីរ៉ង់ និងក្រុមហេសប៊ូលឡា បាននិងកំពុងផ្លាស់ប្ដូរបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងការដឹកនាំការ វាយប្រហារដោយគ្រាប់មីស៊ីល លើទឹកដីអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានដឹកនាំក្រុមចំរុះអារ៉ាប់មានជាង ១០ប្រទេស ធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយ៉េមែន កាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលនៃលោក ប្រធានាធិបតី Abdul Rabbu Mansour Hadi ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលកំពុងគ្រប់គ្រងរដ្ឋាធានីសាណាអា និងដែនដីមួយផ្នែកធំ នៅភាគខាងជើងនៃប្រទេស៕









0 comments:
Post a Comment