Wednesday, November 8, 2017

ស្រាបៀរថ្លៃមិនសូវខឹងទេ តែក្តៅចិត្តគ្រាន់តែបបរសសោះ ១ឆ្នាំង ១៥ដុល្លារ គិតលុយសរុបអស់​ ៣៣១​ដុល្លារ


បុរស​៣​នាក់​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កា​កាប​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពួក​គាត់​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ពួក​គាត់​បាន ការ​ចោទប្រកាន់​ទៅ​លើ​ថៅកែ​ហាង​ផឹកស៊ី​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​《​ហ្គោ​ល​ឌិន​សោ​ន KTV》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា បាន​គាបស៊ី​ពួក​គាត់​ដោយ​ចេញ​វិក្កយបត្រ​គិតលុយ​បំប៉ោង​តួលេខ​ស្រា​បៀរ និង​មុខម្ហូប កាប់ឆៅ​កោរ​អត់​ដាក់​ទឹកតែ​ម្ដង​។
បុរស​ទាំង​៣​នាក់​នោះ​បាន​សុំ​លាក់​មិន​ប្រាប់​ឈ្មោះ​នោះ​ឡើយ ពួក​គាត់​បាន​និយាយ​ប្រាប់​នគរបាល​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពួក​គាត់​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ខាងក្រៅ ហើយ​ម្នាក់​ៗ​បាន​ស្រវឹង​ខ្លាំង​ទៅ​ហើយ ប៉ុន្តែ​មិនមែន​ស្រវឹង​រហូត​លែង​ដឹង​អី​នោះ​ទេ តែ​ដោយសារ​ចង់​សប្បាយ នៅ​វេលា​យប់​ថ្ងៃ​ដដែល​ពួក​គាត់​ក៏​បាន​នាំ​គ្នា​បន្តដំណើរ​ទៅ​ផឹក​នៅ​ហាង​នោះ​ទៀត​។ ហើយ​ពេល​ទៅ​ដល់​មិន​បាន​ចាប់អារម្មណ៍​ថា មាន​បញ្ហា​បែប​នឹង​កើតឡើង​ឡើយ ពួក​គាត់​ក៏​បាន​ហៅ​ស្រា​បៀរ និង​មុខម្ហូប​ក្លែម​មួយ​ចំនួន​មក​ហូប​បន្ត ប៉ុន្តែ​ដោយសារ​តែ​ស្រវឹង​ស្រាប់​ហើយ​នោះ ពួក​គាត់​មិន​អាច​ផឹកស៊ី​បាន​ច្រើន​បាន​ទៀត​ឡើយ ហើយ​ក៏​រឹតតែ​មិន​ហ៊ាន​ហៅ​ស្រា និង​ម្ហូប​មក​ច្រើន​ឡើយ​ព្រោះ​លុយ​មាន​តិច​ផង​។



ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ក្រោយ​ពេល​ឈប់​ផឹកស៊ី ពួក​គាត់​បាន​ឲ្យ​ថៅកែ​ហាង​គិតលុយ ពេល​នោះ​បុគ្គលិក​ហាង​យក​វិក្កយបត្រ​មក​ឲ្យ​ពួក​គាត់ ខណៈនោះ​គ្រាន់តែ​ទទួលយក​មក​មើល​ហើយ មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​ដាច់​ផ្ងារ និង​រក​នឹក​ស្មាន​មិន​ដល់​ឡើយ​។ ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ពិនិត្យ​នៅ​នៅ​ក្នុង​វិក្កយបត្រ​នោះ​ពួក​គាត់​ផឹកស្រា​បៀរ អស់​ដល់​ទៅ​៦​កេស និង ម្ហូប​ដល់​ទៅ​១២​មុខ ហើយ​គិត​ជា​ប្រាក់​ចំនួន​៣៣១​ដុល្លារ​ឯណោះ​។ ដែល​ចំនួន​ស្រា​បៀរ​៦​កេស​សម្រាប់​ពួក​គាត់​ដែល​ស្រវឹង​ស្រាប់​ហើយ​កុំ​ថា​ឡើយ​ដល់​ទៅ​ផឹក សូ​ម្បី​តែ​ងូត​ទៀត​ក៏​មិន​អស់​ដែរ បន្ទាប់​ពី​ឃើញ​បែប​នេះ​ពួក​គាត់​បាន​ប្រាប់​ទៅ​ថៅកែ​ហាង​ឲ្យ​គិតលុយ​ម្ដងទៀត​ក្រែង​មានការ​ភាន់ច្រឡំ ប៉ុន្តែ​ថៅកែ​ហាង​បាន​បញ្ជាក់​ថា​អត់​ច្រឡំ​ទេ គឺ​នេះ​ជា​ចំនួន​ពិតប្រាកដ​ហើយ​។





ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា គ្រាន់តែ​បានឃើញ​ចំនួន​តួលេខ​បំប៉ោង​បែប​នេះ ពួក​គាត់​បាន​ស្វាង​ស្រវឹង​គ្រប់​ៗ​គ្នា ហើយដោយ​សារ​អត់​លុយ​គ្រប់​ចំនួន ដើម្បី​ទូទាត់​ថៅកែ​ហាង​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ផ្ទះ​នោះ​ឡើយ​។​ពេល​នោះ​ពួក​គាត់​គ្មាន​មធ្យោបាយ​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ​នោះ​ទេ ហើយ​ក្រោយ​ពេល​យក​ម៉ូតូ​ដាក់​ឲ្យ​ថៅកែ​ហាង​នោះ ទើប​ថៅកែ​ហាង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ហាង​ទៅ​ផ្ទះ លុះ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ទើប​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល រដ្ឋបាល​កា​កាប​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​តែ​ម្ដង​។




ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​នគរបាល​ប៉ុស្ដិ៍​ខាងលើ បាន​ចុះ​ទៅ​កាន់​ហាង​《​ហ្គោ​ល​ឌិន​សោ​ន KTV》​នោះ​ដើម្បី​សួរនាំ​ដល់​ម្ចាស់​ហាង​ដែល​ជាប់ចោទ​ថា គាបស៊ី​គិតលុយ​កាប់​សាច់​កោរ​អត់​ដាក់​ទឹក ពី​ភ្ញៀវ​ដែល​ទាំង​៣​នាក់​នោះ​។ ពេល​ទៅ​ដល់​តំណាង​ម្ចាស់​ហាង​នោះ​បាន​និយាយ​ថា បុរស​ទាំង​៣​នាក់​នោះ​ពិតជា​បាន​ផឹកស៊ី​អស់​ស្រា​បៀរ​ចំនួន​៦​កេស និង​សាច់​ក្លែម​១២​មុខ គិត​ជា​ទឹកប្រាក់​ចំនួន​៣៣១​ដុល្លារ​ពិតមែន ទើប​ចេញ​វិក្កយបត្រ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ទោះបី​មានការ​បកស្រាប​បែប​នេះ​ក្ដី ហាង​ខាងលើ​កំពុង​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ព្រោះតែ​តួលេខ​នោះ​រក​ជឿ​មិន​បាន​ឡើយ ហើយ​ពេល​នោះ​នគរបាល​គ្មាន​វិធី​អ្វី​ដើម្បី​រក​ការ​ពិត​បាន​ទៀត​។





ចំណែក​បុរស​ទាំងនោះ​ដោយ​មើលទៅ ចាញ់​តែម​ម្ចាស់​ហាង​តាំងពី​ដំបូង​រហូត​មក​ហើយ​នោះ និង​មើលទៅ​នគរបាល​ក៏​ពិបាក​ដោះស្រាយ​ទៀត​នោះ ពួក​គាត់​ក៏​បាន​សម្រេចចិត្ត​ទូទាត់​ប្រាក់​ចំនួន​៣០០​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ហាង ហើយ​ម្ចាស់​ហាង​ក៏​បាន​យល់ព្រម​ទទួលយក​ចំនួន​៣០០​ដុល្លារ​នោះ ដោយ​ចុះថ្លៃ​ឲ្យ​៣១​ដុល្លារ និង​បាន​ប្រគល់​ម៉ូតូ​ទៅ​ឲ្យ​បុរស​ទាំង​៣​នាក់​នោះ​វិញ​ជា​ការ​បញ្ចប់រឿង​៕










Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.