គ្រាន់តែឃើញតួលេខនៃ ចំណូលនៃការប្រមូល ពន្ធ-អាករ នេះហើយ ញាក់សាច់ម៉ង
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបមានចំនួន៦.១៨៦,២០ពាន់លានរៀល (ប្រមាណជា១.៥៤៦,៥៥លានដុល្លារអាមេរិក) ស្មើនឹង៩០,១៥%នៃផែនការ ។ ដោយឡែក សម្រាប់ខែកញ្ញានេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន៥២៩,៩២ពាន់លានរៀល (ប្រមាណជា១៣២,៤៨លានដុល្លារអាមេរិក) ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី៩ តុលា ក្រោមអធិបតីភាពលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។
សេចក្តីប្រកាសដដែលឲ្យដឹងទៀតថា ប្រសិនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ឃើញថា ការប្រមូលចំណូលពន្ធ-អាករសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៧ កើនឡើងចំនួន១.៤២១ពាន់លានរៀល (ប្រមាណ ៣៥៥,២៩លានដុល្លារអាមេរិក) ស្មើនឹងអត្រាកំណើន២៩,៨២% ។
ក្នុងរយៈពេលដូចគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងផងដែរនូវចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា ៖ ពន្ធលើប្រាក់ចំណូលកើនឡើង៣៣,២%, អាករលើតម្លៃបន្ថែមកើន៤១,៩%, អាករពិសេសកើន១២,៥% និងពន្ធលើប្រាក់បៀវត្សកើន៤,២% ។
នៅក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងផ្តល់កិច្ចគាំទ្រ និងឯកភាពចំពោះវិធានការដែលបានដាក់ចេញដោយប្រតិភូរាជរដ្ឋាភិបាល ក្នុងន័យបង្កើនផលិតភាព ក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងកម្មវិធីកែទម្រង់ជាពិសេស ការពិនិត្យកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានាបាននូវសង្គតិភាពក្នុងការអនុវត្តការងារគ្រប់គ្រងប្រមូលពន្ធ ។ បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។
ជំរុញ និងក្រើនរំលឹកម្ចាស់អចលនទ្រព្យ និងម្ចាស់យានយន្ត ឱ្យឆាប់រួសរាន់មកបង់ពន្ធប្រភេទនេះ ចៀសវាងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតបញ្ចប់ ជាហេតុធ្វើឱ្យកកស្ទះ និងផ្តល់សេវាមិនបានទាន់ពេលវេលា ៕
Loading...
0 comments:
Post a Comment