ក្រុមគ្រូពេទ្យវះកាត់នៅប្រទេសចិន បានយកគ្រួសចំនួន ២០០ ដុំ ចេញពីក្នុងខ្លួនស្ត្រីម្នាក់ នៅក្នុងប្រតិបត្តិការវះកាត់មួយ កាលពីសប្តាហ៍មុន ៖

ក្រុមគ្រូពេទ្យខាងលើបានអះអាងថា ដុំគ្រួសដែលរកឃើញនៅក្នុងថង់ទឹកប្រមាត់ និងថ្លើមរបស់ស្ត្រីខាងលើ ទំនងជាកើតឡើងដោយសារតែនាងមិនញ៉ាំអាហារពេលព្រឹក អស់រយៈពេលជាង ១ ទសវត្សមកហើយ។ ដុំគ្រួសមួយចំនួនមានទំហំប៉ុនពងមាន់។ នេះបើយោងតាមការឲ្យដឹងពីមន្ទីរពេទ្យ Guangji Hospital ស្ថិតក្នុងទីក្រុង Hezhou ប្រទេសចិន។


ប្រតិបត្តិការវះកាត់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ដោយចំណាយពេលអស់ ៦ ម៉ោងកន្លះ នៅមន្ទីរពេទ្យខាងលើ។ ស្ត្រីរងគ្រោះអាយុ ៤៥ ឆ្នាំ ត្រូវបានគេស្គាល់ឈ្មោះថា Chen ជាកម្មករម្នាក់ តែងញ៉ាំអាហារដែលសល់ពីគេ និងមិនទៀងទាត់ពេលវេលា។ អ្នកស្រី Chen បានចាប់ផ្ដើមឈឺក្រពះ តាំងពីជាង ១០ ឆ្នាំមុនមកម្ល៉េះ។
ក្រោយពេលបានពិនិត្យសុខភាពរួច អ្នកស្រីត្រូវគ្រូពេទ្យណែនាំឲ្យទទួលការវះកាត់ ប៉ុន្តែអ្នកស្រីបានបដិសេធ ព្រោះតែការភ័យខ្លាច។ ទោះបីជាយ៉ាងណា អ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Guangji Hospital កាលពីសប្ដាហ៍មុន ដើម្បីទទួលការវះកាត់ បន្ទាប់ពីអ្នកស្រីឈឺក្រពះខ្លាំង រហូតមិនអាចទ្រាំបាន៕


0 comments:
Post a Comment