![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxawSEjDLX_CRe1gf4rC9cQWJtrNcje_pzw4ZiLK142_YfeYLLltiOWFzrQFlQkxTEhP3iTxcXu3gmayY_gQI4GNccxbKv_EGud8478ZI3p2uty96qUadJ1l65qXQuxwj_c6uJxyZAarN/s640/aaa.jpg)
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់កម្លាំងនគរបាលប៉ុស្ដិ៍កាកាប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំ និងសម្របសម្រួលដោយលោក កុល បុន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់ មួយកន្លែងទាំងយប់ ក្រោយពេលស្រាវជ្រាវដឹងថា ទីតាំងមួយនេះមានបង្កប់សេវាបម្រើផ្លូវភេទ និងសង្ស័យថាមានការជួញដូរមនុស្សផងដែរ។
កម្លាំងនគរបាលខាងលើ បានឆ្មក់ចូលទៅបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយនោះ កាលពីវេលាម៉ោង៨ និង៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimiKtW2XuPxiHDW4uxdWxbMm03FmmdM7cSdkhalqsH2sS11ed9uMD5VSLVj7oin7cU51QBjLOFOG9dHQ8JcfIvrfWJtz-23aWN-oMIh6qOUaXS7nsctkgN62qMNnVmxQ0x-spg4ulXc-T_/s1600/1b0bbbb4-e81e-46ee-9d14-d098a46e506a.jpg)
នៅក្នុងខណៈនោះកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ នាំយកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជនក្រសួងមហាផ្ទៃទាំងយប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សដែលត្រូវឃាត់ខ្លួនទាំង៨នាក់នោះ មាន២នាក់គឺជាម្ចាស់ទីតាំងហាងម៉ាស្សាកោសជប់ខាងលើ និងត្រូវបានគេស្គាល់ម្នាក់ឈ្មោះ អាត់ សល់ ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀងឈ្មោះ មោង គឹមលាង ភេទស្រី អាយុ៣៥ឆ្នាំ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhPreuyuhxm2GlgKFB4ldm32XDykJ4LdE-06320af-IZOLSZ66nYIafN7sYb6XnqplM5FMIUa1umyBLgiuaCQX5BllAWZ3smKRTUQ1c0IgY05BvD3SW-sIepa7vKnWyEHJC4JgMwBhdxhg/s1600/44eae30a-6c14-4ab4-8549-bf5fe7ffd431.jpg)
ដោយឡែកស្ត្រីចំនួន៦នាក់ទៀតគឺជាអ្នកបម្រើសេវាម៉ាស្សាកោសជប់ និងបម្រើផ្លូវភេទផងសុំមិនបញ្ចេញឈ្មោះ ហើយមានអាយុចាប់ពី១៨ឆ្នាំដល់៤០ឆ្នាំ ក្រៅពីនេះក៏មានការដកហូតសៀវភៅកត់ត្រាចំនួនភ្ញៀវ និងថ្ងៃធ្វើការរបស់ពួកនាងៗទាំងនោះមួយចំនួនថែមទៀតផងដែរ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs8PWFHa9UrfZXVfZ5Kum2grphgi5CNMUaPceApYGIqM5jQ1i5hT7RELE_tR4pGmAtnDCmNro01ILcX0qDct4iZt-73dvvyY2a882DxGZsiK8AqkeWWN1Mtp4p4I7GM-1sVRP-MEqfUcgh/s1600/198fea77-2a5e-4b0f-9831-f599379b5756.jpg)
ប្រភពខាងលើបានបន្តទៀតថា កម្លាំងនគរបាលនៃនាយកដ្ឋានខាងលើ បានធ្វើការស្រាវជ្រាវយូរមកហើយបន្ទាប់ពីមានការសង្ស័យ ទៅលើទីតាំងមួយនេះថា មានការបើកហាងកោសជប់ និងម៉ាស្សា ប៉ុន្តែមានការបង្កប់នូវសេវាបម្រើផ្លូវភេទ និងសង្ស័យថាអាចមានការជួញដូរមនុស្សទៀតផង។ ការស៊ើបអង្កេតស្រាវជ្រាវនោះ ហូតទទួលបានព័ត៌មានជាក់លាក់មួយអំពីទីតាំងមួយនេះថា ការបើកកោសជប់ ឬម៉ាស្សា គ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ តាមពិតមានសេវាបម្រើផ្លូវភេទ កំពុងជ្រកនៅក្រោមស្លាកទៅវិញ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoSQxxTIsvf9ROc59pnee0e71ytv0BBDGlkwLXVmLlHM8JoNEH4Qg8BdvMrEd3OiJYP0Fr4fOBTT6BC0Upm2fR0srCuWWND0dH7pAutRgasCfCc2X0eYAlT2RsIOUq2NCFjtaxTLLxp5UL/s1600/1719acc4-7076-49b1-a52f-4a5ab3070cfe.jpg)
បន្ទាប់ពីការស្រាវជ្រាវដឹង កម្លាំងខាងលើដោយមានការសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលប៉ុស្ដិ៍កាកាប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ដឹកនាំដោយលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះធ្វើការបង្ក្រាបជាក់ស្ដែងទាំងយប់បែបនេះតែម្ដង និងចាប់ខ្លួនមនុស្សទាំង៨នាក់នោះនាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់តែម្ដង៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib73Iedl1faJoAG5WBsCvsz9j1ZeCCmrN72qHe-eob-sVwy38KLLc8yyaa6_7gtmnWeEJftKwe2DcmK8b0iuhpxMVJJoQE3yKt1O3QpFk48TQqBunut0bnXE2XbeBloUt_GeQpuCCbLgkc/s1600/d875c890-8d05-40d9-9a5d-a9bd0afc90e4.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCkWcfIv6CxJVvCocR5tsVBPht0fJhDUYxa4bij31aHIFOsYXvD0Bxws0BJFV16m1RQg10xSsaiTzp0XZN9B8QA1Z-OVPFFueYaWFrlKz7HZX9ExLO4tgHl4f6p6wMKSAuNxBz496MOO-w/s1600/fb5d2123-4817-4258-ae58-7036fb0da77d.jpg)
ប្រភព៖ កោះសន្តិភាព
0 comments:
Post a Comment