Tuesday, November 14, 2017

ផ្ទះ​ស្តេចត្រាញ់ កថា​ថន ឈុំ ដែល​បារាំង​ទិញ​យកមក​ធ្វើ​កន្លែងធ្វើការ ក្រោយ​មកជា​សាលាខេត្ត​បាត់ដំបង មាន​អាយុ​ជាង​មួយ​សតវត្សរ៍


អតីត​អគារ​សាលាខេត្ត​បាត់ដំបង​នេះ ត្រូវបាន​កសាងឡើង​នៅក្នុង​សម័យ​លោក​ម្ចាស់​កថា​ថន ឈុំ ពេលដែល​ខេត្តបាត់ដំបង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ថៃ ពី​ឆ្នាំ​១៧៩៥ ដល់​១៩០៧ (​លោក​ម្ចាស់​កថា​ថន ឈុំ គឺជា​ពូជពង្ស​របស់​ចៅ​ហ្វា​បែន ដែល​បាន​គ្រប់គ្រង​ខេត្តបាត់ដំបង​រហូត ៥ ជំនាន់​តៗ​គ្នា ) ។​
​ក្នុង​ឆ្នាំ​១៩០៥ ស្ដេចត្រាញ់ កថា​ថន ឈុំ បាន​ជួល​ស្ថាបត្យករ​អ៊ីតាលី​ពី​ទីក្រុង​បាងកក​ឱ្យមក​សាងសង់​អគារ​នេះ​ឡើង​សម្រាប់​ធ្វើជា​លំនៅឋាន​ផ្ទាល់ខ្លួន ប៉ុន្តែ​ដោយ​ក្នុង​ឆ្នាំ ១៩០៧ ពេលដែល​បារាំង​ទាមទារ​បាន​ខេត្ត​ទាំងបី រួមមាន​ខេត្តបាត់ដំបង សិរី​សោ​ភណ្ឌ ( ស្វាយ​ស៊ីសុផុន ) និង អង្គរ ( សៀមរាប ) ពី​ថៃ​មកឱ្យ​កម្ពុជា​វិញ ស្ដេចត្រាញ់​រូបនេះ​ក៏បាន​លក់​លំនៅឋាន​រប​ស់លោក​ទាំងអស់ រួមទាំង​អាគារ​នេះ​ផង ដែល​លោក​មិនទាន់​បានរស់នៅ​នៅឡើយ ឱ្យមក​អាជ្ញាធរ​បារាំង​ទាំងអស់ ។
​អគារ​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​កន្លែងធ្វើការ និង ​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីជាន់ខ្ពស់​បារាំង និង​ក្រោយ​មកជា​សាលា​រដ្ឋបាល​របស់​ខេត្តបាត់ដំបង រហូតមកដល់​ឆ្នាំ ២០០៥ ។ បច្ចុប្បន្ន​អាជ្ញាធរ​របស់​ខេត្តបាត់ដំបង​បានរៀបចំ​អតីត​អគារ​សាលាខេត្ត​នេះ​ឱ្យទៅជា​សារមន្ទីរ​បេ​តិក​ភ័ណ​របស់​ខេត្ត ដើម្បីឱ្យ​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត ដោយមាន​ការដាក់​តាំង​រូបភាព ទស្សនីយភាព​ផ្សេងៗ​ដែល​កើតឡើង​ក្នុងសម័យ​គ្រប់គ្រង​ដោយ​លោក​ម្ចាស់​នីមួយៗ​រហូតដល់​ឆ្នាំ​១៩០៧ និង​ ក្នុងសម័យ​អាណានិគមនិយម​បារាំង ប្រវត្តិ​នៃ​ការដឹកនាំ​ខេត្តបាត់ដំបង​និង​រូបថត​អភិបាលខេត្ត​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូតដល់​បច្ចុប្បន្ន ក្រៅពីនេះ​រៀបចំ​ដាក់តាំង​នូវ​វត្ថុ​បុរាណ រូបចម្លាក់ រូបភាព​សិល្បៈ បញ្ចូល​សម្លេង​និង​រូបភាព​ដោយ​រៀបរាប់​ប្រវត្តិ​ខ្លីៗ​តាម​ប្រវត្តិកាល​នីមួយៗ​ជា​ភាសា​ខ្មែរ អង់គ្លេស​ឬ​ភាសា​បារាំង​ផងដែរ ។​
​និយាយ​ពី​លោក​ម្ចាស់​កថា​ថន ឈុំ វិញ ពេលដែល​ផ្លាស់​ទៅ​រស់នៅក្នុង​ខេត្ត Prachin Buri ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩០៩ លោក​បាន​សាងសង់​លំនៅឋាន​ផ្ទះមួយ​ទៀត ដែល​ស្ទើរតែ​ដូចគ្នា​បេះបិទ​នឹង​អាគារ​ចាស់​នៅ​ខេត្តបាត់ដំបង​នេះដែរ លើកលែងតែ​ហោជាង​ខាងមុខ​បន្តិច ព្រោះ​សូម្បីតែ​ជាងចម្លាក់​ក៏​លោក​ជួល​ពី​អ្នក​ធ្លាប់​ឆ្លាក់​នៅផ្ទះ​ចាស់​របស់លោក​មក​ដែរ ។
អគារ​នោះ​មាន​ឈ្មោះថា Chaophraya Abhaibhubejhr បច្ចុប្បន្ន​វា​ត្រូវបាន​ប្រើប្រាស់​ជា​មន្ទីរពេទ្យ​ខេត្ត Prachin Buri និង​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​ទៅជា Chaophraya Abhaibhubejhr Hospital វិញ ៕
Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet