
មនុស្សស្រីរៀបការជាមួយមនុស្សស្រី មិនមែនជារឿងប្លែកទៀតឡើយ។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងមកនេះ រឿងចម្លែកមួយបានកើតឡើង ជុំវិញការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយខ្លួនឯងរបស់ស្ត្រីអ៊ីតាលីម្នាក់។ បើតាមការផ្សាយរបស់កាសែត La Repubblica នាង Laura Mesi លែងមានជំនឿលើមនុស្សប្រុស ដូច្នេះនាងសុខចិត្តពឹងវាសនាអនាគតលើខ្លួនឯងផ្ទាល់។
Laura Mesi អាយុ៤០ឆ្នាំ បានក្លាយជាស្ត្រីដំបូងរបស់អ៊ីតាលី ដែលប្រារព្ធពិធីអាពាហ៍ពិពាហ៍ ជាមួយខ្លួនឯង។ នៅចំពោះមុខភ្ញៀវប្រមាណ៤០នាក់ Laura ស្លៀករ៉ូបកូនក្រមុំពណ៌ស ជាមួយនឹងស្នាមញញឹមប្រិមប្រិយ។ នាងកាន់បាច់ផ្តា និងកាត់នំតែម្នាក់ឯង ក្រោមសំឡេងអបអរកងរំពងពីសំណាក់អ្នកចូលរួម។

កាសែតអ៊ីតាលី La Repubblica បានបញ្ជាក់ថា ពិធីនេះ មិនមានការទទួលស្គាល់ផ្លូវការណាមួយដែលមានចែងនៅក្នុងច្បាប់នោះឡើយ ប៉ុន្តែសម្រាប់ Laura បច្ចុប្បន្នវ័យ៤០ឆ្នាំ វាមានអត្ថន័យខ្លាំងណាស់ក្នុងការបោះជំហានទៅរៀបចំជីវិតខ្លួនឯងនាពេលអនាគត។
Laura បានអះអាងថា នាងគ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ខ្លួនឯងតាំងពីពីរឆ្នាំមុនមកម្ល៉េះ។ នាងពន្យល់ប្រាប់កាសែតអ៊ីតាលីថា៖ «ខ្ញុំបានប្រាប់ឪពុកម្តាយ មិត្តភក្តិទាំងអស់ថា ខ្ញុំនឹងរៀបការជាមួយខ្លួនឯងក្នុងរង្វង់អាយុ៤០ឆ្នាំ»។ ឪពុកម្តាយ បានគាំទ្រការសម្រេចចិត្ត បើទោះបីជាបងប្រុសបង្កើតរបស់ Laura ប្រកែកដាច់អហង្ការក៏ដោយ។

Laura បានបញ្ជាក់ថា នាងមានប្រវត្តិស្នេហាដ៏ឈឺចាប់ ដោយបានចែកផ្លូវជាមួយបុរសម្នាក់ដែលមានចំណងស្នេហ៍រហូតដល់ទៅ១២ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ ក៏មិនទាន់បិទទ្វារបេះដូង១០០ភាគរយនោះដែរ ដោយនាងបានលើកឡើងថា នាងនឹងពិចារណា បើមានបុរសល្អណាម្នាក់ចូលក្នុងជីវិតរបស់ខ្លួន ប៉ុន្តែនៅតែផ្ញើរវាសនាទៅលើខ្លួននាងផ្ទាល់ មិនមែនលើបុរសនោះឡើយ៕
0 comments:
Post a Comment