
មានស្ត្រីម្នាក់ពិតជាមហាមានសំណាង ដោយនាងបានរួចផុតជីវិតពីការបាញ់រះសម្លាប់យ៉ាងរង្គាល នៅក្នុងការប្រគំតន្ត្រីមួយ ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ។ ស្ត្រីដែលមិនបានបង្ហាញអត្តសញ្ញាណជាសាធារណៈខាងលើ បានបង្ហាញអ្នកបើកបរតាក់ស៊ីរបស់នាង នូវទូរសព្ទដែលរងការខូចខាត ដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីកើតមានហេតុការណ៍ដ៏រន្ធត់នោះ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះអ្នកស្លាប់យ៉ាងតិច ៥៩នាក់ និងរបួស ៥២៧នាក់ហើយ។
ក្នុងនោះដែរមាន រូបថតមួយសន្លឹក ដែលបានបង្ហាញឲ្យឃើញថា ទូរសព្ទម៉ាក iPhone ពណ៌ Rose Gold បែកខ្ទេចមួយដុំ បន្ទាប់ពីគ្រាប់កាំភ្លើងបាញ់ត្រូវ។ តែទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់ឡើយថា ស្ត្រីខាងលើទុកទូរសព្ទនៅកន្លែងណានោះដែរ ឬមួយកាន់ទូរសព្ទនោះយ៉ាងដូចម្ដេចទេ ខណៈពេលដែលកំពុងតែរត់គេចចេញពីកន្លែងដែលកើតហេតុ ក្នុងជាការបាញ់រះដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ខ្មាន់កាំភ្លើងមានឈ្មោះ Stephen Paddock អាយុ ៦៤ឆ្នាំ ជាអ្នករស់នៅរដ្ឋ Nevada តែម្ដង។ លោកបានបាញ់ប្រហារពីជាន់ទី ៣២ នៃសណ្ឋាគារ Mandalay Bay Hotel សំដៅអ្នកមើលតន្ត្រីជាង ២២ ០០០នាក់។ លោកបានបាញ់សម្លាប់ខ្លួន ពេលក្រុមប៉ូលិសទម្លាយចូលបន្ទប់ និងឃើញកាំភ្លើង ១០ដើម និងជើងទម្រមួយសម្រាប់បាញ់ (Tripot) នៅទីនោះ។

ក្រុមអ្នកស៊ើបអង្កេតបញ្ជាក់ថា ខ្មាន់កាំភ្លើងមិនជាប់ពាក់ព័ន្ធនឹងភេរវកម្មអន្តរជាតិឡើយ ទោះបីជាមានការអះអាងពីក្រុមភេរវករដ្ឋឥស្លាមក៏ដោយ។ តាមការបញ្ជាក់របស់អ្នកស្រុក Nevada ស្គាល់ខ្មាន់កាំភ្លើងម្នាក់អះអាងថា លោក Paddock ជាមនុស្សញៀនល្បែង និងចូលចិត្តធ្វើអ្វីប្លែកៗ៕










0 comments:
Post a Comment