
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ រស់នៅខេត្ត Riau តែងតែប្រយុទ្ធតតាំងជាមួយសត្វចម្លែកៗ រហូតថ្មីៗនេះលោកបានសម្លាប់ពស់ថ្លាន់ប្រវែងជាង ៧ម៉ែត្រឯណោះ។
លោក Robert Nababan អាយុ ៣៧ឆ្នាំជាអ្នកស្រុក Indagiri Hulu បានប្រយុទ្ធនឹងសត្វពស់ថ្លាន់យក្សអស់ជាច្រើននាទី។ ពេលនេះលោកកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងសភាពខ្សោយអស់កម្លាំង។ លោកបានរៀបរាប់ប្រាប់ហេតុការណ៍ថា ខ្លួនកំពុងបើកបរម៉ូតូចេញពីកន្លែងធ្វើការទៅផ្ទះតាមចម្ការដូងប្រេងនៅល្ងាចថ្ងៃសៅរ៍ ក៏ប្រទះឃើញមនុស្សពីរនាក់ចង់ឆ្លងផ្លូវ ប៉ុន្តែបានឈប់នៅត្រឹង ពេលឃើញពស់ថ្លាន់ដេកក្រាបកាត់ផ្លូវមិនព្រមទៅណា។
លោកព្យាយាមចុះចាប់ពស់ចេញពីផ្លូវ តែវាក៏ខាំដៃ រួចក៏ប្រយុទ្ធតតាំងគ្នាមួយសន្ទុះ រហូតពស់នោះងាប់។ ក្រោយមក លោកទៅប្រាប់អ្នកភូមិឲ្យទៅយកពស់ទាំងសភាពល្ហិតល្ហៃ ហើយក្រុមគ្រួសារក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ពស់ថ្លាន់យក្សបានខាំត្រូវដៃ និងម្រាមដៃឆ្វេង ធ្វើឲ្យលោកអស់កម្លាំងយ៉ាងខ្លាំង។
គួររម្លឹកថា កាលពីខែមិនាកន្លងទៅ បុរសម្នាក់រស់នៅខេត្ត West Sulawesi ត្រូវបានពស់ថ្លាន់នៅចម្ការដូងប្រេងលេបទាំងមូល និងស្លាប់ផងដែរ៕




0 comments:
Post a Comment