
ពេទ្យសត្វម្នាក់មកពីមន្ទីរពេទ្យសត្វ Hocking Hills Animal Clinic ស្ថិតក្នុងទីក្រុង Logan រដ្ឋ Ohio សហរដ្ឋអាមេរិក បានរំឭករឿងរ៉ាវដ៏រីករាយ និងមូលហេតុដ៏ល្អដែលបានធ្វើជាពេទ្យសត្វថា ពិតជាអស្ចារ្យ ហើយការជ្រើសរើសវិជ្ជាជីវៈនេះ គឺជាជម្រើសដ៏ត្រឹមត្រូវ។

ខណៈពេលដែលពេទ្យសត្វស្រីខាងលើ កំពុងដើរនៅក្នុងព្រៃ នាងបានប្រទះឃើញ អ្នកជំងឺចាស់ដោយចៃដន្យ គឺសត្វអណ្ដើកដែលស្នូកវាបានបែក ដោយសារតែជួបគ្រោះថ្នាក់ចរាចរ កាលពីប៉ុន្មានឆ្នាំមុន។


ពេទ្យស្រីនោះបានបង្ហោះរូបថតមួយសន្លឹក និងសរសេរថា «កាលពីប៉ុន្មានឆ្នាំមុន មានអតិថិជនម្នាក់បានយកសត្វអណ្ដើកមួយក្បាល ដែលត្រូវឡានបុក មកឲ្យខ្ញុំព្យាបាល។ ខ្ញុំបានប្រើសំឡីកែវ (Fiberglass) ដើម្បីបិតស្នូកដែលបែករបស់វា ហើយលែងវាចូលទៅក្នុងព្រៃវិញ។ នាពេលថ្មីៗនេះ ខណៈពេលកំពុងដើរនៅលើជាយភ្នំ ខ្ញុំបានប្រទះឃើញវា (សត្វអណ្ដើក)។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអ្នកជំងឺចាស់ និងសំឡីកែវនោះ អាចនៅរហូតមកដល់ពេលនេះ… វាច្រើនឆ្នាំហើយ!»។

ជាមួយគ្នានេះដែរ ពេទ្យស្រីចិត្តធម៌ខាងលើ បានប្រាប់មនុស្សជាច្រើនឲ្យដឹងថា ប្រសិនបើជួបប្រទះសត្វអណ្ដើកបែកស្នូកបែបនេះ ត្រូវតែស្វែងរកជំនួយ។ នៅក្នុងករណីនេះ សត្វអណ្ដើកខាងលើបានលូតលាស់ធំពេញរូបរាងទៅហើយ ដូច្នេះវានឹងមិនមានផលប៉ះពាល់ ដោយសារតែសំឡីកែវនោះទេ។ ប៉ុន្តែប្រសិនបើសត្វអណ្ដើក ស្ថិតក្នុងវ័យកំពុងលូតលាស់ វាល្អបំផុតបើសិនអាចផ្លាស់ប្ដូរសំឡីកែវនោះ ក្នុងរយៈពេលណាមួយ៕
0 comments:
Post a Comment