លោក Abdul Samad វ័យ 28ឆ្នាំមានទីលំនៅឯសង្កាត់ Little Village ទីក្រុងឡុង ត្រូវបានចាក់សម្លាប់មុនពេលពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃច័ន្ទទី16 ខែតុលា បន្ទាប់ពី “មនុស្សប្រព្រឹត្តបទឧក្រិដ្ឋ” ពីរនាក់បានប៉ុនប៉ងលួច iPhone 7 របស់គាត់។ ពីរម៉ោងក្រោយមក គាត់ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតក្នុង មន្ទីរពេទ្យ St. Mary នៅ Paddington។
យោងតាមគេហទំព័រ Dailymail បានសរសេរថា អ្នកជិះម៉ូតូមានគ្នាពីរនាក់ បានជិះទៅជិតលោក Samad នាវេលាម៉ោង 11 និង 45នាទីយប់នៅខាងក្រៅផ្ទះរបស់គាត់ ហើយប៉ុនប៉ងលួច iPhone 7។ បន្ទាប់មក ពួកគេបានប្រឈមមុខដាក់គ្នា ពោលគឺពួកចោរទាំងនោះបានព្យាយាមយក iPhone 7 ពីជនរងគ្រោះ ប៉ុន្ដែយកមិនបាន។ ចុងក្រោយលោក Samad ត្រូវបានចាក់មួយកាំបិតចំបេះដូងបណ្ដាលឲ្យស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា លោក Samad បានព្យាយាមដើរសំដៅទៅផ្ទះឪពុកម្តាយរបស់គាត់ដែលមានចម្ងាយមិនដល់ 14ម៉ែត្រផង បន្ទាប់ពីលោកត្រូវបានគេចាក់ ហើយភ្លាមនោះគាត់បានស្រែកយ៉ាងខ្លាំង។ យោងតាមប្អូនប្រុសរបស់ Samad ឈ្មោះ Abdul Ahad បានបញ្ជាក់ថា ឪពុកម្តាយរបស់គាត់បានប្រញាប់ប្រញាល់រត់ទៅរកទ្វារដើម្បីជួយគាត់ ហើយបានទូរស័ព្ទទៅអាជ្ញាធរដែរ។
យោងតាមប៉ូលីស បុរសពីរនាក់ត្រូវបានចាប់ខ្លួនពីបទឃាតកម្មកាលពីព្រឹកថ្ងៃអង្គារ។ ជនជាប់ចោទទាំងនោះជាក្មេងអាយុ 17ឆ្នាំ និង 18ឆ្នាំ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិសភាគខាងជើងទីក្រុងឡុង។
Samad គឺជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Dragon Hall Trust ជាក្រុមហ៊ុនសប្បុរសធម៌ដែលធ្វើការជួយដល់ក្មេងៗក្នុងការអភិវឌ្ឍលើសមត្ថភាពប្រើប្រាស់កុំព្យូទ័រ។ ស្របពេលជាមួយគ្នានេះដែរលោក Nicole Furre ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Dragon Hall បាននិយាយថា “Samad មានភាពអស្ចារ្យជាមួយកុមារ និងមនុស្សវ័យក្មេង ហើយខ្ញុំពិតជាទទួលយកខ្លាំងណាស់ … គាត់ថែមទាំងអាចសរសេរកូដបានយ៉ាងល្អផងដែរ។” ប្អូនប្រុសរបស់លោក Samad ក៏បាននិយាយដែរថា “គាត់មានភាពវៃឆ្លាត ហើយស្រឡាញ់កុំព្យូទ័ររបស់គាត់ខ្លាំងណាស់។ មិនតែប៉ុណ្ណោះ នេះហើយជាមូលហេតុដែលគាត់ស្រលាញ់ការជួយមនុស្សវ័យក្មេង។”
0 comments:
Post a Comment