
ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ កំពុងស្ថិតក្នុងស្ថានភាពលំបាក ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីគ្រូពេទ្យរកឃើញថាមានដុំសាច់មហារីកក្នុងថ្លើម ខណៈពេល នាយ វីតាមីនសេ មានជំងឺប្រចាំកាយជាច្រើន ដូចជា ដំបៅក្រពះកម្រិតធ្ងន់ និងជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យជីវិតរបស់លោកស្ថិតក្នុងភាពគ្រោះថ្នាក់បំផុត។

នេះជាហេតុធ្វើឱ្យអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង ជាកូនស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រកាសគ្រោងនឹងលក់ឡាន និងដាក់បញ្ចាំផ្ទះ ប្រសិនបើខ្ចីលុយពីធនាគារមិនទាន់នោះទេ ដើម្បីយកប្រាក់ព្យាបាលជំងឺលោកតាវីតាមីនសេ ដែលជាឪពុកជាស្រលាញ់ និងអាចបញ្ជូនទៅក្រៅប្រទេសគឺថៃ និងសិង្ហបុរីផងដែរ។

បើតាមប្រភពអ្នកនាងប៉េងប៉ោង បានឱ្យដឹងថាពេលនេះលោកតា វីតាមីនសេ ស្ថិតនៅក្នុងស្ថានភាពគួរឱ្យបារម្ភ ព្រោះតែមានជំងឺទឹកនោមផ្អែមបន្ថែមផង ណាមួយវ័យក៏កាន់តែចាស់ជរាផងដែរ ដែលជាហេតុបណ្តាល ឱ្យការព្យាបាលក៏មានការជួបការលំបាកជាច្រើន។ ទោះបីជាយ៉ាងណា ក៏អ្នកនាងប៉េងប៉ោង ព្យាយាមយកឪពុកទៅព្យាបាលនៅក្រៅប្រទេសឱ្យបាន ដើម្បីឱ្យអស់ចិត្ត ហើយពេលនេះក៏កំពុងតែស៊ើបសួររឿងព្យាបាលជំងឺនេះនៅប្រទេសទាំងពីរនោះផងដែរ។បើសិនជាអាចមានសង្ឃឹមច្រើនអ្នកនាង ប៉េងប៉ោង នឹងលក់ឡានផ្ទាល់ខ្លួនព្រមទាំងខ្ចីលុយធនាគារ ធ្វើយ៉ាងណាបញ្ជូនអ្នកមានគុណខ្លួន ទៅក្រៅប្រទេសឱ្យបាន។ ជូនពរតារាកំប្លែងលោកតាវីតាមីនសេ ឱ្យបានឆាប់ជាសះស្បើយពីជំងឺដ៏ធ្ងន់ធ្ងរនេះ ដើម្បីវិលមកកាន់វិស័យជាថ្មីម្តងទៀត៕



0 comments:
Post a Comment