(រតនគិរី)៖ ស្ដ្រីមានផ្ទៃពោះម្នាក់ ខណៈកំពុងធ្វើដំណើរមកកាន់មណ្ឌលសុខភាព តាមរយៈមធ្យោបាយជិះគោរយន្ត ពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ក៏ស្របតែឈឺពោះឆ្លងទន្លេតែម្ដង ប៉ុន្ដែសំណាងល្អណាស់ ត្រូវបានបុគ្គលិកមណ្ឌលសុខភាពអណ្តូងមាស ខេត្តរតនគិរី ជួយសម្រាលកូនឲ្យបានទាន់ពេលវេលាផងដែរ ។

សកម្មភាពជួយសង្គ្រោះនេះ មានការណែនាំជាប្រចាំពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តរតនគិរី ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺផ្សេងៗ តាមមណ្ឌលសុខភាពទូទាំងខេត្តជាប់ជាប្រចាំ ។

ស្ដ្រីដែលឈឺពោះឆ្លងទន្លេខាងលើនោះ មានឈ្មោះ ញ៉ុក អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាណាតធំ បានឈឺពោះសម្រាលកូន ខណៈកំពុងធ្វើដំណើរមកមណ្ឌលសុខភាព តាមមធ្យោបាយ គោយន្តបានប្រមាណ៣គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ដោយផ្លូវមានសភាពលំបាកខ្លាំងផងដែរ ។

ដោយមើលឃើញសភាពបែបនេះ ខ្លាចក្រែងជួបឧបសគ្គ លោកមេឃុំតាឡាវ រួសរាន់ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ និងពេទ្យឆ្មបម្នាក់ មកជួយសម្រាលតាមផ្លូវបានជោគជ័យ ពោលគឺគ្មានគ្រោះថ្នាក់ទាំងម្តាយនិងទារក ។
បច្ចុប្បន្ន ម្តាយនិងទារក ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យមណ្ឌលសុខភាព អណ្តូងមាសនោះ ពួកគាត់មានសុខភាពល្អប្រសើរ ៕

ប្រភព ៖ ទីភ្នាក់ងារ សារព័ត៌មាន មានលុយ
0 comments:
Post a Comment