
រាជធានីភ្នំពេញ ៖ បើទោះបីជាជំងឺមហារីកសុដន់ ច្រើនតែកើតមាននៅលើស្ត្រីដែលមានវ័យពី៥០ឆ្នាំឡើងទៅក៏ពិតមែន តែនៅកម្ពុជាជំងឺមហារីកសុដន់ត្រូវបានកត់សម្គាល់ឃើញថា មានកើតលើស្ត្រីវ័យក្មេងច្រើនជាងមុន ។
លោកសាស្ត្រាចារ្យ គួយ សំណាង នាយផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់អោយដឹងថា នៅក្នុងប្រទេសកម្ពុជាយើង ពិសេសនៅក្នុងមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀតឃើញថា អ្នកដែលកើតមានជំងឺមហារីកច្រើនជាងគេ គឺមានអាយុចាប់ពី៤៥ឡើងទៅ ហើយមធ្យមមានអាយុ៣៥ឡើង។

លោកសាស្ត្រាចារ្យ គួយ សំណាង បានបញ្ជាក់ថា ៖ «ក្នុងនោះផងដែរ យើងក៏រកឃើញថា នៅមួយរយៈចុងក្រោយនេះ គឺមានស្ត្រីវ័យក្មេងត្រូវបានរកឃើញថា មានជំងឺមហារីកកាច ដែលអ្នកជំងឺក្មេងបំផុតមានអាយុត្រឹមតែ ១៨ឆ្នាំ ប៉ុន្តែករណីនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ។ បើទោះបីជាករណីជំងឺមហារីកសដន់នៅកម្ពុជា ដែលរកឃើញកើតមានលើជនរងគ្រោះវ័យក្មេង មានចំនួនតិចតួចក៏ពិតមែន តែវាជាហានីភ័យដែលគួរឱ្យបារម្មណ៍ផងដែរ សម្រាប់ប្រជាជនរបស់យើង ព្រោះដោយសារជំងឺនេះមិនមានវ៉ាក់សាំងការពារ ដូចជាជំងឺមហារីកមាត់ស្បូននោះទេ»។

លោកសាស្ត្រាចារ្យ គួយ សំណាង បានពន្យល់ថា កត្តាជំរុញនាំអោយកើតមានជំងឺមហារីសុដន់ចំពោះអ្នកដែលមានអាយុតិចនោះ គឺកត្តា «ហ្ស៊ែន បូករួមទៅនឹងកត្តាបរិស្ថានជុំវិញ» ដែលកត្តាទាំងនេះគឺជាបញ្ហាដែលមិនអាចទប់ស្កាត់បាន។

សូមញ្ជាក់ផងដែលថា ចាប់ពីដើមខែមករា ឆ្នាំ២០១៧ រហូតមកដល់ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀតផ្នែកជំងឺមហារីក ចំនួនអ្នកដែលកើតមានជំងឺមហារីក និងបានមកទទួលសេវាព្យាបាល គឺមានចំនួន១.១៤៨នាក់ ហើយក្នុងនោះមានអ្នកជំងឺដែលកើតជំងឺមហារីសុដន់មានជំនួនជាង១៥០នាក់៕








0 comments:
Post a Comment