
បើតាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅចំពោះមុខអ្នករាយការណ៍ព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «អ្នកដែលកាន់កាប់ឯកសារមិនប្រក្រតី រហូតមកដល់បច្ចុប្បន្ននេះជាង៧ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ អញ្ចឹងយើងប្រកាសបដិសេធឯកសារទាំងអស់នោះ មាន៦មុខដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម ដោយធ្វើការដកហូតពីពួកគាត់ ដោយឯកសារទាំងអស់នេះពុំមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់តទៅទៀតទេ»។
ថ្លែងចេញពីទីស្តីការក្រសួងមហាផ្ទៃនៅក្នុងពិធីប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ផ្កាយ៤ សុខ ផល បញ្ជាក់ទៀតថា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចប្រកាសដកហូតចោលឯកសារទាំងអស់នេះ គឺជនបរទេសទាំងនោះ នឹងឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន ហើយបើអ្នកស្នាក់នៅយូរអាចឲ្យដាក់ពាក្យ សុំក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់។

បើតាម លោក សុខ ផល រហូតមកដល់បច្ចុប្បន្ននេះជនបរទេស ជាង១៩,០០០នាក់ហើយ ដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសរបស់គេវិញ ហើយថា ក្រោយផ្សព្វផ្សាយអនុក្រឹត្យស្ដីពីលុបចោល និងដកហូតឯកសារមិនប្រក្រតីពីជនបរទេសនៅថ្ងៃនេះរួចមក សមត្ថកិច្ច នឹងចុះទៅអនុវត្តន៍ត្រួតពិនិត្យលើករណីទាំងនេះ នៅតាមរាជធានី-ខេត្ត ដែលអាចធ្វើឡើងនៅខែនេះ ឬខែក្រោយតែម្ដង ៕





0 comments:
Post a Comment