
ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ដោយបានសរសេរថា៖ខ្ញុំជាកូនស្រីទោល កាលនៅក្មេងៗស្និទ្ធស្នាលនឹងឪពុកម្ដាយណាស់ ខ្ញុំនៅចាំបានថា ខ្ញុំនិងឪពុកម្ដាយរបស់ខ្ញុំឧស្សាហ៍ទៅដើរលេងនៅតំបន់ផ្សេងៗណាស់។
ប៉ុន្ដែម៉្យាងដែលមិនល្អគឺឪពុកខ្ញុំគាត់ធ្វើការខាងភូមិសាស្ត្រ យូរៗទើបត្រឡប់ចូលផ្ទះម្ដង ប៉ុន្ដែពេលគាត់ត្រឡប់មកផ្ទះវិញគាត់តែងតែទិញកាដូដែលខ្ញុំនិងម៉ែចូលចិត្តមកជូន ពុកល្អនឹងខ្ញុំខ្លាំងណាស់ មានភាពកក់ក្ដៅ គាត់មិនដែលវាយមិនដែលជេរខ្ញុំឡើយ កាលនៅក្មេងៗបើពុកនៅផ្ទះ ខ្ញុំមិនព្រមឲ្យម៉ែងូតទឹកឲ្យទេខ្ញុំឲ្យតែពុកងូតឲ្យ ព្រោះពេលដែលគាត់កក់សក់ឲ្យខ្ញុំមិនដែលឈឺឡើយ មិនត្រឹមតែល្អជាមួយខ្ញុំប៉ុណ្ណោះទេ ពុកជាមនុស្សមានការទទួលខុសត្រូវក្នុងគ្រួសារ បើពុកនៅផ្ទះពុកមិនដែលឲ្យម៉ែធ្វើអ្វីឡើយ ដាំបាយធ្វើម្ហូបការងារផ្ទះទាំងអស់ពុកជាអ្នកធ្វើដោយខ្លួនឯង។
ពេលវេលាចេះតែលឿនទៅមុខ ខ្ញុំបានចូលមហាវិទ្យាល័យ ផ្ទះខ្ញុំនៅទីក្រុងហើយនៅជិតមហាវិទ្យាល័យទៀតផង ឆ្ងាយពីគ្នាត្រឹមតែ២ចំណតរថយន្តក្រុងតែប៉ុណ្ណោះ ពេលខ្លះខ្ញុំមិនចាំបាច់ជិះរថយន្ដក្រុងដោយដើរទៅផ្ទះក៏បានដែរ។ ប៉ុន្ដែនៅឆ្នាំទី១មហាវិទ្យាល័យមានច្បាប់ឲ្យគ្រប់គ្នាត្រូវស្នាក់នៅក្នុងអគារ សូម្បីតែខ្ញុំក៏មិនលើកលែង និយាយតាមត្រង់ទៅខ្ញុំមិនចូលចិត្តស្នាក់នៅអគារឡើយ ខ្ញុំចូលចិត្តអានសៀវភៅស្ងាត់ៗ ប៉ុន្ដែនៅអគារពេលយប់មានសម្លេងរំខានគ្រប់ពេល អ្នកខ្លះនិយាយទូរស័ព្ទ អ្នកខ្លះលេងហ្គេម ដូច្នេះហើយពេលឡើងឆ្នាំទី២ ខ្ញុំប្រាប់ម៉ែថានឹងត្រឡប់ទៅផ្ទះវិញហើយ មិនចង់ស្នាក់នៅអគារទៀតឡើយ។
នឹកស្មានមិនដល់ម៉ែបានប្រាប់ថា ខ្ញុំធំហើយត្រូវស្គាល់រៀនរស់ដោយខ្លួនឯងនៅប៉ុន្មានឆ្នាំទៀតក៏រៀនចប់ធ្វើការមានគ្រួសារហើយ មិនអាចពឹងឪពុកម្ដាយបានគ្រប់ពេលវេលានោះទេ។កាលនោះពេលបានឮម៉ែខ្ញុំនិយាយបែបនេះខ្ញុំមិនពេញចិត្តឡើយ ព្រោះខ្ញុំនៅក្មេងខ្ញុំមិននិយាយតបតនឹងគាត់ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថាឆ្នាំនេះម៉ែប្លែកខ្លាំងណាស់ ពេលខ្ញុំត្រឡប់ទៅផ្ទះនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យម៉ែចូលចិត្តអង្គុយលេងទូរស័ព្ទ ពេលខ្លះសម្លេងទូរស័ព្ទរោទ៍មិនឈប់ ខ្ញុំជាមនុស្សគិតច្រើន ពេលខ្លះគិតទៅក្នុងផ្លូវមិនល្អ ខ្ញុំថាម៉ែមានអ្វីលាក់បាំងនឹងខ្ញុំ។
ដូច្នេះហើយខ្ញុំធ្វើជាព្រមស្នាក់នៅអគារ តាមការពិតខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំបានចេញមកជួលផ្ទះនៅជិតៗមហាវិទ្យាល័យ ដើម្បីបានអានសៀវភៅស្ងប់ស្ងាត់ហើយងាយស្រួលនឹងបានលួចមើលឥរិយាបថរបស់ម៉ែផងដែរ។

ថ្ងៃមួយគ្រូសម្រាកនៅពេលល្ងាចខ្ញុំក៏បានត្រឡប់ទៅផ្ទះ ពេលដែលខ្ញុំកំពុងតែបើកទ្វារចូលទៅ ខ្ញុំឃើញម៉ែស្ទុះចេញពីបន្ទប់យ៉ាងស្លន់ស្លោ ថែមទាំងខោអាវរប៉ាត់រប៉ាយ មុខគាត់ឡើងក្រហម ពេលនោះខ្ញុំដៅបានថានឹងមានរឿងអ្វីកើតឡើង ទោះបីខ្ញុំមិនបានត្រៀមចិត្តទទួលយកហេតុការណ៍ ខ្ញុំក៏រត់ទៅបើកទ្វារបន្ទប់ដេក ស្រាប់តែឃើញមនុស្សប្រុសប្លែកមុខអង្គុយលើគ្រែរបស់ពុកម៉ែ ថែមទាំងសើចដាក់ខ្ញុំទាំងភ័យ ខ្ញុំងាកទៅសួរម៉ែថា តើគាត់គឺជានរណា?
ម៉ែនិយាយរដិបរដុបថាជាមិត្តភក្តិកាលនៅរៀនជាមួយគ្នា ខ្ញុំឮដូចនោះហើយក៏ស្ទុះចេញពីផ្ទះភ្លាមៗ។ព្រោះតែរឿងនេះហើយ ខ្ញុំមិនត្រឡប់ទៅផ្ទះ១ខែ ម៉ែបានតេទូរស័ព្ទមករកខ្ញុំមិនឈប់ ម៉ែចង់ឲ្យខ្ញុំត្រឡប់ទៅនិយាយជាមួយគាត់ តែខ្ញុំបដិសេធ ពេលនេះម៉ែប្រាប់ថាពុកត្រឡប់មកផ្ទះវិញហើយ ថែមទាំងសួររកខ្ញុំហេតុអ្វីមិនមកផ្ទះម្ដងសោះ។
និយាយតាមត្រង់ទៅ ខ្ញុំចង់ទៅផ្ទះខ្លាំងណាស់ ប៉ុន្ដែខ្ញុំមិនដឹងប្រឈមមុខនឹងពុកយ៉ាងណា តើខ្ញុំគួរទម្លាយរឿងម៉ែ ឬគួរលាក់បាំងពុកដើម្បីគ្រួសារ? ខ្ញុំមិននឹកស្មានសោះថាម៉ែបង្ខំឲ្យខ្ញុំស្នាក់នៅអាគារ ក៏ព្រោះតែនាំសហាយកំណាន់ចូលមកមានអីៗនឹងគ្នានៅក្នុងផ្ទះ ពេលនេះខ្ញុំគ្មានអារម្មណ៍ល្អជាមួយម៉ែទៀតឡើយ ខ្ញុំវិលវល់អស់ហើយតើខ្ញុំគួរធ្វើយ៉ាងណាទៅ?

0 comments:
Post a Comment