Saturday, October 7, 2017

ពិតជាមិនដែលដឹងសោះពីមុន!!! វិធីសាស្ត្រដើម្បីដឹងបុគ្គលិកអគ្គិសនីប្រព្រឹត្តអំពើខិលខូចហើយ ទាក់ទងយកថ្លៃផ្សេងៗ


សេចក្តីអំពាវនាវរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ៖ សូមចូលរួមជួយកែទម្រង់ការ យកថ្លៃផ្សេងៗ ក្នុងវិស័យអគ្គិសនី នៅកម្ពុជាឲ្យបានត្រឹមត្រូវ បច្ចុប្បន្នការផ្តល់សេវានិងការយកថ្លៃផ្សេងៗ ក្នុងវិស័យអគ្គិសនី នៅកម្ពុជាត្រូវអនុវត្តដោយ បុគ្គលិករាប់ម៉ឺននាក់ នៅទូទាំងប្រទេស ក្នុងក្របខណ្ឌ បុគ្គលិករបស់ EDC ផង និងរបស់អ្នកកាន់អាជ្ញាប័ណ្ណឯកជនផង ។ កន្លងមកមានបុគ្គលិកខ្លះបានប្រព្រឹត្តអំពើខិលខូចយកថ្លៃខុសពីការកំណត់ ។
ក្នុងនាមជាស្ថាប័នត្រួតពិនិត្យការងារនេះ កន្លងមកយើងខ្ញុំបានណែនាំ ជាច្រើនលើក ហើយអំពីវិធី ទប់ស្កាត់សកម្មភាពទាំងនេះ លើកនេះ ដើម្បីបោសសំអាតបញ្ហាខុសឆ្គងនេះឲ្យអស់ យើងខ្ញុំស្នើសុំ ឲ្យប្រជាពលរដ្ឋទាំងអស់ ជួយចូលរួមជាមួយយើងខ្ញុំ ក្នុងការអនុវត្តតាមនីតិវិធី ដែលធ្លាប់បានផ្សព្វផ្សាយកន្លងមករួចហើយ ដូចខាងក្រោម ៖




១-ថ្លៃអ្វីក៏ដោយក្នុងវិស័យអគ្គិសនីទូទាំងកម្ពុជា បើតម្រូវឲ្យអតិថិជនបង់ប្រាក់ លុះត្រាតែអ្នកផ្គត់ផ្គង់ចេញវិក្កយបត្រផ្លូវការឲ្យអតិថិជន ។ បើគ្មានវិក្កយបត្រផ្លូវការទេ សូមកុំបង់ប្រាក់ឲ្យទៅអ្នកណាមួយឲ្យសោះ ។




២-ក្នុងករណីបុគ្គលិកនៅតំបន់ផ្គត់ផ្គង់ណាមួយទារប្រាក់ដោយគ្មានវិក្កយបត្រ ហើយអតិថិជនមិនបង់ ប៉ុន្តែបុគ្គលិកអគ្គិសនីនោះកិកកុកមិនព្រមផ្តល់សេវាជូនឬក៏ពន្យាពេល សូមប្តឹងមកយើងខ្ញុំភ្លាមតាមប្រអប់សារនៃ fb នេះ យើងខ្ញុំនឹងអន្តរាគមន៍ជូនភ្លាម ។ ការប្តឹងនេះក៏អាចធ្វើឲ្យយើងខ្ញុំកត់ត្រាទុកការប្រព្រឹត្តខុសរបស់តំបន់ផ្គត់ផ្គង់នីមួយៗ ដែលឈានដល់ការដាក់ពិន័យដល់អ្នកកាន់អាជ្ញាប័ណ្ណផ្គត់ផ្គង់តំបន់នោះដែរ ។




៣-ក្នុងករណីអ្នកផ្គត់ផ្គង់អគ្គិសនីចេញវិក្កយបត្រផ្លូវការហើយ សូមអតិថិជនបង់ប្រាក់ចុះ ប៉ុន្តែប្រសិនបើមានការសង្ស័យថាចំនួនទឹកប្រាក់ក្នុងវិក្កយបត្រមិនត្រឹមត្រូវ សូមថតវិក្កយបត្រនោះបញ្ជូនមកក្នុងប្រអប់សារនៃ fb អាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យជូន ថាតើត្រឹមត្រូវទេ? ។ ក្នុងករណីបើពិនិត្យទៅឃើញថាចំនួននោះមិនត្រឹមត្រូវតាមការកំណត់ យើងខ្ញុំនឹងអន្តរាគមន៍ឲ្យអ្នកផ្គត់ផ្គង់នោះសងទឹកប្រាក់ដែលលើសជូនទៅអ្នកបង់វិញ ព្រមទាំងដាក់ពិន័យដល់អ្នកផ្គត់ផ្គង់ តាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនី ។




៤-ក្នុងករណីអ្នកផ្គត់ផ្គង់មានបំណងចង់លក់ខ្សែភ្លើងដែលសម្រាប់តចេញពីប្រអប់នាឡិកាស្ទង់ ទៅកាន់ទីតាំងរបស់អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់ត្រូវបង្ហាញថ្លៃដែលខ្លួនចង់លក់នេះទៅក្នុងវិក្កយបត្រ ដើម្បីឲ្យអតិថិជនជ្រើសរើស ទិញឬមិនទិញខ្សែនេះតាមបំណងរបស់គេផ្ទាល់ ។ ក្នុងករណីអតិថិជនជ្រើសរើសមិនទិញខ្សែនោះ អតិថិជនមិនបាច់បង់ខ្ទង់តម្លៃខ្សែដែលដាក់នោះទេ ហើយបើបុគ្គលិកអគ្គិសនីនោះកិកកុកមិនព្រមភ្ជាប់ចរន្តជូនឬក៏ពន្យាពេល សូមប្តឹងមកយើងខ្ញុំភ្លាមតាមប្រអប់សារនៃ fb នេះ យើងខ្ញុំនឹងអន្តរាគមន៍ជូនភ្លាម ។




៥-ក្នុងករណីអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់ណាមួយមិនព្រមអនុវត្តតាមនីតិវិធីខាងលើ ទោះជាសហគ្រាសរដ្ឋ ឬឯកជនក៏ដោយ សូមជូនដំណឹងមកក្នុងប្រអប់សារនៃផេក Facebook នេះភ្លាម ដើម្បីយើងខ្ញុំនឹងមានវិធានការជូនភ្លាម។

អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់អំពើខិលខូចរបស់ បុគ្គលិកមួយចំនួនតូចក្នុងវិស័យអគ្គិសនីនៅកម្ពុជា ៕








Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet