Monday, September 25, 2017

មិននឹកស្មានថា គ្រាន់តែអង្គុយផ្ទាល់នឹងឥដ្ឋ នៅពេលទទួលទានអាហារ ក៏អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព ច្រើនយ៉ាងនេះសោះ!


សព្វថ្ងៃនេះ មនុស្សយើងភាគច្រើន លែងសូវអង្គុយផ្ទាល់ឥដ្ឋ នៅពេលទទួលទានអាហារដូចមុនឡើយ។ នេះក៏ដោយសារតែ ពួកគេងាកមកអង្គុយលើកៅអី និងទទួលទានអាហារលើតុវិញ ពីព្រោះពួកគេគិតថា វាមានភាពងាយស្រួល និងផាសុកភាពជាង។

ប៉ុន្តែជាក់ស្តែង ការទទួលទានអាហារ ដោយអង្គុយផ្ទាល់នឹងកម្រាលបែបនេះ អាចផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនសឹងតែនឹកស្មានដល់។

ចង់ដឹងថាការអង្គុយអាចជួយដល់សុខភាពយ៉ាងដូចម្តេចខ្លះនោះ សូមប្រិយមិត្តតាមដាន ការបកស្រាយដូចខាងក្រោមនេះ ៖



១. ជាក្បាច់យូហ្គាមួយប្រភេទ

ជាការពិតណាស់ វាដូចជាឥរិយាបថយូហ្គាមួយយ៉ាងអ៊ីចឹង ដោយអាចជួយដល់រាងកាយ និងផ្លូវចិត្តបានព្រមគ្នា។ ការអង្គុយបែបនេះ ជួយដល់ដងខ្លួនទាំងមុខទាំងក្រោយ និងជួយបន្ធូរបន្ថយសាច់ដុំរាងកាយបានយ៉ាងល្អប្រសើរ។ ហេតុនេះ វាហាក់ដូចជាអ្នកកំពុងតែទទួលទានអាហារបណ្តើរ និងហាត់យូហ្គាព្រមគ្នាបណ្តើរផងដែរ។

២. ពង្រឹងការរំលាយអាហារ

ការអង្គុយទទួលទានបែបពែនភ្នែន អាចជួយឲ្យសាច់ដុំពោះ បញ្ចេញរសក្រពះបានច្រើន ដែលជួយដល់ការរំលាយអាហារបានប្រក្រតី និងរហ័សទៀតផង។ វាថែមទាំងជួយសម្រួលសម្ពាធសាច់ដុំ និងសម្ពាធឈាមឲ្យធ្លាក់ចុះមកថែមទៀត។

៣. ជួយឲ្យអាយុវែង

ការសិក្សារបស់ European Journal of Preventive Cardiology បានបង្ហាញថា ឥរិយាបថ ដែលងើបអង្គុយចុះឡើងនេះ អាចជួយឲ្យអ្នកមានអាយុវែងបាន។ នេះក៏ដោយសារតែ រាងកាយរបស់អ្នកនឹងងាយបត់បែន ព្រមទាំងជួយពង្រឹងកម្លាំងរាងកាយអ្នកបាន ជាពិសេសនៅពេលមានគ្រោះថ្នាក់ ឬរងរបួសផ្សេងៗ។

៤. ជួយឲ្យត្រង់ខ្នង

ការអង្គុយទទួលទានអាហារបែបនេះ អ្នកត្រូវតែអង្គុយឲ្យត្រង់ ពីព្រោះវាមានប្រយោជន៍សម្រាប់ ខ្នង និងក របស់អ្នក មិនថាពេលដើរឬឈរ គឺមានសភាពត្រង់ខ្នងស្អាត។ ជាក់ស្តែង ការអង្គុយនឹងកៅអី អាចបណ្តាលឲ្យខ្នងរបស់អ្នកប្រែជាកោង និងឆ្អឹងប្រែជាខ្សោយថែមទៀតផង។

៥. ជួយដល់ចលនាឈាម

ការអង្គុយទទួលទានបែបពែនភ្នែន ក៍អាចជួយដល់ប្រព័ន្ធឈាមរបស់អ្នកបានដែរ ដោយឈាមអាចរត់ទៅបេះដូង និងសរីរាង្គផ្សេងៗ បានយ៉ាងងាយជាងការអង្គុយលើកៅអី។ ជាពិសេស គឺកាត់បន្ថយសម្ពាធលើបេះដូង បានយ៉ាងល្អប្រសើរតែម្តង។

៦. ជួយរក្សាទម្ងន់

ឥរិយាបថអង្គុយ ជួយឲ្យចិត្ត និងរាងកាយមានភាពធូរស្បើយ ដែលអាចជួយការពារអ្នក កុំឲ្យទទួលទានច្រើនហួសប្រមាណបាន។ នេះក៏ដោយសារតែ សរសៃប្រសាទរបស់អ្នកអាចដំណើរការល្អប្រសើរជាងមុន ដោយបញ្ជូនសញ្ញាពីក្រពះ ប្រាប់ទៅខួរក្បាលថា ឆ្អែតឬមិនឆ្អែតបានយ៉ាងច្បាស់។

៧. ជួយឲ្យគ្រួសារកាន់តែមានភាពជិតស្និទ្ធ

ជាការពិតណាស់ ការអង្គុយទទួលទានអាហារជាមួយគ្រួសារបែបនេះ ជាវិធីបង្កើនភាពជិតស្និទ្ធដ៏ល្អ ក្នុងរង្វង់គ្រួសារ។ ជាពិសេស ឪពុកម្តាយអាចស្វែងយល់ពីអារម្មណ៍ និងបង្កើនមនោសញ្ចេតនា ជាមួយកូនៗបានយ៉ាងប្រសើរ ថែមទៀតផង៕

Loading...

Related Posts:

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Gagdet