
ចៅពញាតេជោដាំដី ឬ តេជោតំឌិន (ដាំឌិន នេះជាពាក្យយកពីថៃមានន័យថាតំត្រូវនឹងដាំ ឌិនត្រូវនឹងដី) លោកជា ឧកញ៉ាមន្ត្រីក្នុងសម័យព្រះបាទបទុមសុរិយវង្ស។ ព្រះបាទបទុមសុរិយវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះអង្គបានដឹងថា អ្នកមានបុណ្យមាត់ទិព្វបានកើតឡើងហើយ ព្រះអង្គនឹកគិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។

ព្រះអង្គកោះប្រជុំអស់នាម៉ឺនមុខមន្ដ្រី ដើម្បីដោះស្រាយបញ្ហាដ៏ធំនេះ។ ព្រះអង្គយល់ឃើញថាតទៅអនាគត ប្រទេសសៀមនឹងមានស្ដេចមួយអង្គ ដែលគេពុំអាចកំទេចបានឡើយ។ ដូច្នេះ គេត្រូវតែចាត់ទុកស្រុកសៀមដោយឡែក ដោយមិនចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះទៀតទេ។ប្រសិនបើយោលទៅតាមឯកសារខ្លះទៀត បុព្វហេតុដែលបណ្ដាលឲ្យព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ ពញារោង នោះ គឺមកពី នាយរោង បានប្រមាថមាក់ងាយចេស្ដារព្រះអង្គ ដោយគ្មានញញើតញញើមហ៊ានចូលមកឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំពីមុខព្រះភ័ក្ត្រព្រះអង្គ ពេលដែលចូលមក នាយរោង បានបំបាំងខ្លួន មិនឲ្យនាម៉ឺនមន្ត្រីពលសេនាម្នាក់មើលឃើញឡើយ។ មានតែព្រះមហាក្សត្រព្រះបទុមសុរិយវង្សមួយអង្គគត់ ដែលយាងចូលមកដល់ទើបមើលឃើញ។ អាកប្បកិរិយាព្រហើននេះហើយ ដែលធ្វើឲ្យព្រះអង្គខ្ញាល់ ចេញបញ្ជារកចាប់នាយរោង។

រូបសំណាក់របស់មហាមេទ័ពខ្មែរ ( តេជោដំឌិន ) តែគួរឱ្យសោកស្ដាយ រូបនេះឥឡូវស្ថិតនៅប្រទេសថៃ (សៀម) បច្ចុប្បន្នឃើញច្បាស់ជាក់នឹងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិឫទ្ធិតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួននឹកស្មាន ពញារោង ក៏រត់ភៀសខ្លួនបាត់ស្រមោលទៅ។ ឧកញ៉ាមន្ដ្រីចៅពញាតេជោដាំដី (តំដិន) ត្រូវនាំពលសេនាចំនួន ៣០០នាក់ ជ្រែកដីទៅចាប់ពញារោងនៅឯស្រុក សុខោទ័យ។

កងទ័ពតេជោដាំដីវិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោង រត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់សំដៅទៅតំបន់ស្រុកសុខោទ័យ មកដល់ទីនេះ ពញារោង រត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំលោកចៅ អធិការសាងផ្នួសបួសជាសាមណេរ។ រសៀលថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខ ព្រះវិហារ ស្រាប់ តែ ចៅពញាតេជោដាំដី ជ្រែកដីលេចចេញមកពាក់កណ្ដាលខ្លួនចំពីមុខតែម្ដង ដោយមិនបានដឹងថានេននេះជា ពញារោង តេជោដាំដី ក៏ទូលសុំសួរលោករក ពញារោង។

នេនរោង ដឹងច្បាស់ថាគេមករកចាប់ខ្លួន បានមានសង្ឃដីកាឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះចាំអាត្មាទៅរកជូន ភ្លាមនោះដែរ រូបរាងកាយ តេជោដាំដី ប្រែទៅជារឹងបន្ដិចៗម្ដង ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែលដើរតាមផ្លូវជ្រែកដីដោយតេជោដាំដីបាននាំគ្នាដកថយត្រលប់ចូល នគរទៅរាយការណ៍ថ្វាយព្រះរាជាតាមហេតុការណ៍។
ក្រោយពេលដែលស្ដេចសៀមនៅសុខោទ័យចូលទិវង្គត នេនរោង បានចាកសិក្ខាបទ ហើយបានឡើងគ្រប់ គ្រងស្រុកសៀមពីពេលនោះមក។ ពញារោង បានប្ដូរឈ្មោះមានព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្ទ្រាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេនិយមហៅតែ ពញារោងៗ បានប៉ុនប៉ងធ្វើគត់ព្រះបទុមសុរិយវង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត។ ឈ្មោះរបស់លោកត្រូវបានគេប្រសិទ្ធិនាមឱ្យផ្លូវមួយខ្សែដែលចាប់ផ្ដើមពីអង់តែន ទួលគោក រហូតដល់រង្វង់មូលកួចកាណុង៕


0 comments:
Post a Comment