
ភ្នំពេញ៖ បើគេក្រឡេកមើលទៅអ្នកសិល្បៈឃើញថាសប្បាយហ៊ឺហា និងគិតថាជាអ្នកមានលុយកាក់ច្រើនសំបូរសប្បាយហើយតែបើពិនិត្យឲ្យដិតដល់ទើបដឹងថាយ៉ាប់ព្រោះតែដើម្បីសិល្បៈទើបគេខំប្រឹងដូចជាពេលនេះនាយឆើត ដែលជាតារាកំប្លែង និងជាតារាសំដែងម្នាក់បានកំពុងតែអស់ង្ឃឹមក្នុងឆាកជីវិត លោកក៏បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “សម្រាប់ខ្ញុំគ្មានពេលសប្បាយដូចអ្នករាល់គ្នាគិតនោះទេ ប្រឡូកក្នុងវិស័យសិល្បៈជិតមួយជិវិតហើយ មិនទាន់មានអ្វីសល់ជាដុំកំភួនដូចគេឡើយ រកបានមួយគ្រប់សំរាប់រស់រាល់ថ្ងៃប៉ុណ្ណោះ” ។


មិនតែប៉ុណ្នោះ តារាសម្តែង និងតារាកំប្លែងមុខកាច លោក ពៅ គីសាន់ ហៅនាយ ឆើត ក្រៅពីសិល្បៈ លោកក៏ឆ្លៀតពេល រត់ម៉ូតូឌុប ធ្លាក់ស៊ីក្លូ លក់ទឹកត្រី បើកឡានឲ្យគេជាដើម ព្រោះត្រូវរ៉ាប់រងជាច្រើនទាំងថ្លៃផ្ទះជួល ទឹកភ្លើង ម្ហូបអាហារ ហើយក្នុងនាមជាមេគ្រួសារដែលមាន ម្តាយ បងប្អូន និងកូននៅក្នុងបន្ទុក ។ ទោះបីជាជីវិតមិនបានធូរធារដូចគេ នាយ ឆើត នៅតែសប្បាយចិត្តពេលដែលឃើញកូនៗ លោកទាំងអស់ដើរដោយគន្លងធម៌ មិនសេពនឹងគ្រឿងញៀន ផ្តេសផ្តាស ហើយចេះគិតគូរដល់នាយ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងឆ្នាំ ២០១៦ នាយ ឆើត ត្រូវជាប់ចង្កេះមិនអាចកម្រើកបាន ពេលថតរឿង”សង្គ្រាមបេះដូង” របស់ផលិតកម្ម ខ្មែរមេគង្គ នាយនិយាយថា៖ ” ពេលថតលើកទី១មិនអីទេ តែដល់ពេលថតលើកទី២ប្លង់ដដែលហ្នឹង ក៏ស្រាប់តែជាប់គាំង ដើរលែងកើតតែម្ដង ទើបចេញពីពេទ្យតើ”។ លោកបន្តថា ដោយសារតែភាពយន្ត ភាគច្រើនមើរំលងតួចាស់ៗ យកតែក្មេងៗជំនាន់ក្រោយ ។ បន្ទាប់ពីនេះ លោកក៏ទទូចសុំទៅកាន់ផលិតករថា “សូមផលិតករ អ្នកផលិតកម្មវិធីទូរទស្ស៍ ឬ ម្ចាស់ផលិតកម្មផ្សេងៗជួយដល់ពួកខ្ញុំដែលជាតួចាស់ៗ ឲ្យមានការងារធ្វើផង ព្រោះរស់នៅរាល់ថ្ងៃពឹងលើការងារសិល្បៈហើយ” ៕





0 comments:
Post a Comment