
ភ្នំពេញ ៖ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍១៦រូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលកន្លងទៅនេះ។ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមាន ទៅកាន់មេប៉ូលិសទាំងអស់ ឲ្យបញ្ឈប់ភា្លមជាបន្ទាន់នូវសកម្មភាព កាត់លុយបេសកកម្មពីកូនចៅថាយកទៅចុះមូលដ្ឋាន បើពុំនោះទេ នឹងត្រូវដកតំណែងភ្លាម។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា កន្លងមកមានព័ត៌មានថា មេប៉ូលិសបានកាត់លុយ កាត់ប្រេង ពីកូនចៅ ក្នុងប្រាក់ឧបត្ថម្ភរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីចុះមូលដ្ឋាន។ ចាប់ពីពេលនេះតទៅ មេមេប្រធាននាយកដ្ឋានទាំងអស់ ពីម៉ោងហ្នឹងទៅ ឈប់ឲ្យឮសូរទៀតថា កាត់លុយ កាត់ប្រេង ឈប់ឲ្យឮ។

អគ្គស្នងការនគរបាលជាតិបានបន្ថែមថា យើងធ្វើជាមេគេកុំកាត់បងប្អូនខាងក្រោម ត្រូវសុំលុយពីប្រពន្ធមកជួយកូនចៅវិញ ហើយកុំកាត់លុយពីកូនចៅជាដាច់ខាត ពាក្យខ្ញុំអញ្ចឹង ហើយបើលោកឯងធ្វើមិនកើតទេដើរចេញទៅ។ ប្រសិនបើខ្លួនមិនមានលទ្ធភាព ចុះមូលដ្ឋាននោះទេ ប្រាប់មកខាងលើមកថា ខ្ញុំមិនមានលទ្ធភាពទេ ហើយថ្នាក់លើនឹងដកមេដែលកាត់លុយកូនចៅនោះចេញតែម្ដង ដើម្បីដាក់អ្នកដែលមានលទ្ធភាព ចូលទៅធ្វើមេវិញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន បន្ថែមថា ប្រធាននាយកដ្ឋាន ស្នងការ ត្រូវធ្វើគំរូគេឲ្យបាន បើធ្វើគំរូមិនបានទេ មិនបាច់ធ្វើមេគេទេ ចុះចេញភ្លាម ហើយសូមប្រធាននាយកដ្ឋានដែលទើបឡើងថ្មី ត្រូវយកចិត្តទុកដាក់ជុំវិញបញ្ហានេះ៕


0 comments:
Post a Comment