មានរឿងអីហ្នឹង បានជាសម្តេចតេជោ ហ៊ុន សែន លើកយកលោកគ្រូដែលរាំតាំងពីក្លោងទ្វារវិទ្យាល័យរហូតដល់ដងទង់ជាតិ មកនិយាយ (មានវីដេអូ)
រាជធានីភ្នំពេញ៖ លោកគ្រូដែលរាំតាំងពីក្លោងទ្វារវិទ្យាល័យរហូតដល់ដងទង់ជាតិ ក្រោយអនុវត្តតាមការសន្យាជាមួយសិស្សនោះ ពេលនេះទទួលបានកោតសរសើរយ៉ាងខ្លាំង ពីលោកនាយករដ្ឋមន្ត្រីកម្ពុជា នៅចំពោះ ឥស្សរជនជាន់ខ្ពស់ លោកនាយក នាយិកាសាលា និងសិស្សឆ្នើមនិទ្ទេស A ទូទាំងប្រទេស ៤២៤នាក់។
ទោះបីជាសម្តេចតេជោ មិនបានបញ្ជាក់ពីឈ្មោះលោកគ្រូ ក្នុងជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក៏ដោយ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី បានលើកសរសើរជាច្រើនចំណុចនូវសកម្មភាពរបស់លោកគ្រូ ទៀ សុធា ដែលបង្ហាញពីទឹកចិត្តដ៏ល្អផូរផង់លោកគ្រូ ក៏ដូចជាលោកគ្រូអ្នកគ្រូផ្សេងទៀត ដែលចង់ឲ្យសិស្សល្អ សិស្សពូកែ រហូតមានការភ្នាល់ជាមួយសិស្ស ដើម្បីបំផុសនិងជំរុញឲ្យសិស្សកាន់តែប្រឹងប្រែងយកនិទ្ទេស A ឲ្យបាន។
ក្រោយសិស្សខ្លួនបានជាប់និទ្ទេស A មែន លោកគ្រូ មិនបានមិនគោរពសម្តីនោះទេ គឺលោកគ្រូ គណិតវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មីរូបនេះ ក៏បានអនុវត្តតាមការសន្យាជាមួយសិស្សពិតប្រាកដមែន ដោយរាំតាំងរបងសាលារហូតដល់ដងទង់ជាតិ។ នេះសបញ្ជាក់ពីគុណធម៌របស់លោកគ្រូក្នុងការឲ្យគោរពនិងតម្លៃ ដល់សិស្ស ដោយមិនក្បត់ពាក្យសន្យាខ្លួននោះទេ។
គួរបញ្ជាក់ឡើងវិញផងដែរថា នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងបានជាប់និទ្ទេស (A) ទូទាំងប្រទេសចំនួន៤២៤ នាក់ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិសាច់ញាតិបងប្អូនផងដែររបស់ក្មយៗផងដែរ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ គឺមានបេក្ខជនទទួលនិទ្ទេស (A) ចំនួន ៤២៤នាក់។ សរុបទាំងអស់គឺមានសិស្សានុសិស្សប្រឡងជាប់បាក់ឌុបចំនួន ៦៣,៦៦៨នាក់ ស្មើនឹង ៦៣.៨៤%។
មុននឹងចាប់ផ្តើមកម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកអំពីខួប៥ឆ្នាំ (១៥ តុលា ២០១២-១៥តុលា ២០១៧) នៃការយាងសោយទីវង្គត់របស់ សម្តេចព្រះនរោត្តម សីហនុ ព្រៈបរមរតនកោដ្ឋ ។ នៅក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញក្មួយៗសិស្សានុសិស្សទាំងអស់ងើបឈរគោរពវិញ្ញាណក្ខន្ឋដល់អតីតព្រះមហាក្សត្រផងដែរ។ សម្តេចតេជោ ក៏បានរំលឹកអំពីការតស៊ូលះបង់ស្ទើរពេញមួយជីវិតរបស់ព្រះអង្គដើម្បីជាតិមាតុភូមិ ជាពិសេសក្នុងការទាមទារឯករាជ្យជូនជាតិមាតុភូមិ និងម្យ៉ាងវិញទៀត ព្រះអង្គជាតួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ផងដែរ ដែលធ្វើអោយប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាបានធ្វើការកែទម្រង់កន្លងមកដើម្បី ពង្រឹងគុណភាពសិក្សា។ ពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សដែលប្រលងបាននិទ្ទេស (A) មានការកើនឡើងជាបន្តបន្ទាប់ ទាំងអស់នេះដោយសារការខិតខំប្រឹងប្រែងរបស់ក្មួយៗផ្ទាល់ និងការផ្តល់ឱកាស និងជំរុញលើកទឹកចិត្តពីឪពុកម្តាយ និងអាណាព្យាបាលផងដែរ។
ទន្ទឹមនេះដែរ សម្តេចតេជោ បានរំលឹកដល់ក្មួយៗទាំងអស់ត្រូវខិតខំប្រឹងប្រែងថែមទៀត ជាពិសេសត្រូវមានការដឹងគុណចំពោះគ្រូបង្រៀង ដែលជាអ្នកមានគុណទី ២ របស់យើងដែលធ្លាប់បានអប់រំបណ្តុះចំណេះវិជ្ជាដល់យើង។ សម្តេចតេជោ ក៏បានសុំអោយរៀបចំថ្ងៃរំលឹកគុណគ្រូ នៅថ្ងៃទី ៥ តុលា អោយបានជាប់ជាប្រចាំដើម្បីអោយក្លាយទៅជាវប្បធម៍មួយដ៏ល្អក្នុងសង្គមយើង។ សម្តេចតេជោ ហ៊ុន សែន បានអរគុណនឹងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ អាជ្ញាធរ អ្នកពាក់ពន្ធ័ទាំងអស់ ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមក មុនការប្រឡងតាមបណ្តា ខេត្តផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់ពេលនេះ ត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ហើយបើប្រឡងមិនជាប់ទៀតគឺអាចបន្តរៀនបរិញ្ញាបត្ររងសិនដើម្បីបន្តបរិញ្ញាបត្រក៏បាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៅកាន់សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ថា ដោយមានការស្នើសុំកន្លែងចូលប្រឡងដើម្បីចូលរៀនវិជ្ជាពេទ្យដោយកន្លងមកលុះត្រាតែជាប់និន្ទេស (A) ឬ (B) ទើបចូលរប្រឡងបាន តែពេលនេះ មិនថានិទ្ទេសអ្វីក៏ដោយអោយតែជាប់បាក់ឌុប គឺអាចប្រឡងចូលរៀនមុនវិជ្ជាពេទ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់រង្វាន់លើកទឹកចិត្តសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ក្នុងម្នាក់ៗថវិកា ២លានរៀល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូដែលជានាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៥៨ នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិការ ៣លានរៀល។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថតរូបអនុស្សាវរីយ៍ជាមួយក្មួយៗសិស្សានុសិស្សដែលជាប់និទ្ទេស (A) ទាំងអស់ក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕
សូមទស្សនាវីដេអូ៖
Loading...
0 comments:
Post a Comment