Tuesday, October 17, 2017

ក្តៅៗពេលនេះ!!! ស្តាត​អូឡាំពិក មាន​ចោរកម្ម​​សាហាវណាស់ ដល់​ថ្នាក់​ប្លន់​ទាំង​ថ្ងៃតែម្តង


ភ្នំពេញៈ ពហុកីឡដ្ឋាន​ជាតិ ឬ​ហៅថា ស្តាត​អូឡាំពិក ជាទី​តាំង​សំណង់​ចំណាស់​ប្រវត្តិសាស្ត្រ​មួយ​ស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ភាព​កីឡា និង​សម្រាប់​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​សម្តែង​សិល្បៈ ព្រមទាំង​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត ជា​ញឹកញាប់ ប៉ុន្តែ​ការរក្សា​សណ្តាប់​ធ្នាប់​គ្រប់គ្រង​អនាម័យ ព្រមទាំង​អំពើ​ចោរកម្ម តែងតែ​កើត​មាន​ឡើង​ជាបន្ត​បន្ទាប់ ចំណែក​ក្រុម​សន្តិសុខ​ភាគ​ច្រើន រវល់​ផ្តោត​តែ​ទៅ​លើការ​យក​លុយ​ថ្លៃ​ផ្ញើ​ម៉ូតូ ឡាន ជា​ចម្បង ហើយ​ការ​បាត់បង់​សម្ភារ និង​ម៉ូតូ​មួយ​ចំនួន គ្មាន​អ្នក​ទទួល​ខុសត្រូវ។
ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី ១២ ខែ​តុលា ថ្មីៗ​នេះ មាន​កើត​ករណី​វាយ​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ​ទៅ​លើ​ស្ត្រី​វ័យ ៤០ ប្លាយ​ម្នាក់ ដែលជា​មន្ត្រី​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​កីឡា ដ៏គួរ​ឲ្យ​រន្ធត់​មួយ នៅ​ពហុកីឡដ្ឋាន​ជាតិ គឺ​ជន​មិន​ស្គាល់​មុខ បាន​វាយ​ឲ្យ​គាត់​បែក​ក្បាល​ឈាម​ស្រោច​ពេញមុខ និង​ដួល​សន្លប់ នៅ​ក្បែរ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ស្ត្រី​រូប​នោះ កំពុង​ចាក់​សោ​ម៉ូតូ​បម្រុង​នឹង​ជិះ​ទៅ​ផ្ទះ។




ប៉ុន្តែ​ហេតុការណ៍​វាយ​ប្លន់​ដ៏អាក្រក់ និង​គួរ​ឲ្យ​ភ័យខ្លាច ដែល​បាន​កើត​ឡើង​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​នោះ ត្រូវ​បាន​មន្ត្រី និង​ថ្នាក់​ដឹកនាំ ដែល​គ្រប់គ្រង​នៅ​ពហុកីឡដ្ឋាន​ជាតិ មួយ​ចំនួន ហាម​ប្រាម និង​បិទបាំង​ព័ត៌មាន​នេះ​មិនឲ្យ​បែកធ្លាយ​មក​ក្រៅ​នោះ​ទេ ព្រោះ​ពួកគេ​ខ្លាច​ថ្នាក់​លើ​មាន​វិធានការ នាំ​ឲ្យ​បាត់បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​អ្វី​ម្យ៉ាង។ ទង្វើ​បែ​បនេះ ត្រូវបាន​គេ​រិះគន់​ថា វា​ហាក់បី​ដូច​ខ្លាច​លោក​ចោរ​អន់ចិត្ត!។




យ៉ាងណា​ក៏ដោយ ស្ត្រី​ម្នាក់ ដែល​ជា​សាច់ញាតិ​របស់​ជន​រងគ្រោះ​ក្នុង​ករណី​ប្លន់​នោះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ស្ត្រី​រងគ្រោះ​នោះ​ឈ្មោះ មោញ ស៊ីវន ហើយ​គាត់​ពិតជា​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​បែក​ក្បាល​ពិត​មែន ដែល​នេះ​ជា​ករណី​ប្លន់ ព្រោះ​បន្ទាប់​ពី​វាយ​គាត់​ឲ្យ​សន្លប់​ហើយ ជនល្មើស​បាន​យក​ប្រាក់​ជាង ៧០ ម៉ឺនរៀល និង​ទូរស័ព្ទ IPhone ២ គ្រឿង រត់​បាត់​ស្រមោល ប៉ុន្តែ ជនល្មើស​នោះ មិន​បាន​យក​ម៉ូតូ​របស់​ជន​រងគ្រោះ​នោះ​ទេ។




បន្ថែម​លើ​ករណី​ថ្មី គឺការ​វាយ​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ​របស់​អ្នកស្រី មោញ ស៊ីវន ពី​សំណាក់​ជនល្មើស​មិន​ស្គាល់​មុខ​នេះ គឺ​កន្លង​មក​មាន​កីឡាករ កីឡាការិនី និង​ភ្ញៀវ​ដែល​មក​ទាក់ទង​ផ្នែក​កីឡា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មួយ​ចំនួន បាន​បាត់​ម៉ូតូ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​ក៏មាន​កីឡាករ វ៉ន វីវ៉ា ផងដែរ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ ឡៅ ចិត្ត្រា កីឡាការិនី​ប្រដាល់​សកល វី ស្រីខួច បាន​បាត់​ម៉ូតូ នៅ​ក្នុង​កន្លែង​ជម្រើសជាតិ​តែម្តង ខណៈដែល​ជនសង្ស័យ​ត្រូវ​គេ​ស្គាល់មុខ ស្គាល់​ឈ្មោះ និង​ធ្លាប់​ជា​កីឡាករ​ថ្នាល​ប្រដាល់​សកល ប៉ុន្តែ​ចាប់​មិន​បាន​ទៀត។




កីឡាការិនី វី ស្រីខួច បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កញ្ញា ឆ្នាំ ២០១៧ ចោរ​លួច​ម៉ូតូ​របស់​នាង​ពី​កន្លែង​ហ្វឹកហាត់​ជម្រើសជាតិ​តែម្តង។ កញ្ញា​បន្តថា៖ «ជីវភាព​គ្រួសារ​ខ្ញុំក្រ​ណាស់ គឺ​មាន​តែ​ម៉ូតូ​មួយ​គ្រឿង​នេះ គ្រាន់​ជិះ​ពី​ឃុំ​ស្វាយរលំ ស្រុក​ស្អាង មក​ហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្រុង​ភ្នំពេញ ជាមួយ​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​នៅ​ពេល​ចោរ​លួច​បាត់​ទៀត ធ្វើ​ឲ្យ​រូបខ្ញុំ​កាន់តែ​លំបាក ដោយ​ខ្ញុំ​បាន​ជិះ​តុកតុក មក​ហាត់​ទាំង​លំបាក​លំបិន ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​មូល​ល្អ​សោះ»។




ស្រី​ខួច បាន​បន្តថា៖ «ជីវភាព​គ្រួសារ​របស់​នាង​ខ្ញុំ មាន​ប្រាក់​ចំណូល​រស់​បាន ដោយសារ​ការប្រកួត​កីឡា ដោយ​ខ្ញុំ​ធ្លាប់​លេង​កីឡា​ប្រយុទ្ធ បាន​ឈ្នះ​មេដាយ និង​ប្រាក់​រង្វាន់ ដូចជា​កីឡា​វ៉ូវីណាមប្រដាល់សកល និង​ប្រដាល់​គុន​ខ្មែរ​ជាដើម»។ ជាមួយ​គ្នានេះ ស្រី​ខួច បាន​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ និង​សមត្ថកិច្ច មេត្តា​ជួយ​រក​ម៉ូតូ​ឲ្យ​នាង​បាន​ជិះ​មក​ហាត់​វិញ​ផង ដើម្បី​បន្ត​ជីវ​ភាព​ជាអ្នក​ប្រដាល់ ដែល​ធ្លាប់​ល្បី​មួយ​រូប​ដែរ។




ទាក់ទង​នឹង​ករណី​បាត់​ម៉ូតូ​នេះ​លោក វ៉ែន សុផល គ្រូ​ប្រដាល់​សកល​ជម្រើសជាតិ បាន​ប្រាប់​ថា៖«វី ស្រីខួច បាន​បាត់​ម៉ូតូ ហើយ​ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់ វា​មាន​ឈ្មោះ ស៊ុយ ចំណាន ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​ថ្នាល មិន​នៅ​ក្រោមការ​គ្រប់គ្រង​របស់​ខ្ញុំ​ទេ គឺ​ក្រោមការ​គ្រប់គ្រង​របស់​លោក​គ្រូ អាត សំរិទ្ធ និង​លោក ឡុង ស៊ីលីន ស្ថិត​ក្នុង​ក្រុម​ឈុត​តូច»។




ការគ្រប់គ្រង​ទីតាំង​ស្តាត​អូឡាំពិក កំពុង​ក្លាយ​ជាភាព​អនាធិបតេយ្យ ដោយសារ​ក្រុម​សន្ដិសុខ​គ្មាន​សមត្ថភាព​បំបាត់​ចោរកម្ម ឯអ្នក​គ្រប់គ្រង​ផ្តោត​ទៅ​លើ​តែ​ប្រាក់​ចំណូល​បាន​មក​ពីការ​ប្រើប្រាស់​ស្តាត​ច្រើន​ជាង​គិតគូរ​ពី​សណ្តាប់​ធ្នាប់ និង​ចោរកម្ម ព្រោះ​ក្នុង ១ ឆ្នាំ​មាន​ករណី​បាត់​ម៉ូតូ​មិន​តិច​ជាង ១០ លើក និង​មាន​ករណី​ចោរកម្ម​ផ្សេងៗ​ទៀត​ផង។ ប៉ុន្តែ​មហាជន​ភាគច្រើន ក្នុង​រាជធានី​ភ្នំពេញ នៅ​តែ​ពេញចិត្ត​មក​ហាត់​ប្រាណ​រាល់​ព្រឹក និង​ល្ងាច នៅ​ស្តាត​អូឡាំពិក ព្រោះ​វាជា​សំណង់​ប្រវត្តិសាស្ត្រ បម្រើ​ផ្នែក​កីឡា​ដ៏ល្អ​តាំងពី​សង្គមរាស្ត្រនិយម​មក។




លោក ស៊ឹម យ៉េន អាយុ ៧០ ឆ្នាំ បាន​និយាយ​ថា៖ «ខ្ញុំ​មក​ហាត់​ប្រាណ​នៅ​ក្នុង​ស្តាត​នេះ​យូរ​ឆ្នាំ​មក​ហើយ ព្រោះ​ភ្នំពេញ​យើង វា​ចង្អៀត មាន​តែ​ទីនេះ​ជាទី​ប្រជំជន​បាន​ហាត់ប្រាណ​ស្រួល ប៉ុន្តែ​អ្នកគ្រប់គ្រង​ទីនេះ​បើក​ឲ្យ​មាន​មនុស្ស​លេង​កីឡា​តាម​ផ្លូវ​ដើរ​ពេញ​ទាំងអស់ ពិសេស​ការជួល​ទីធ្លា​ក្នុង​ស្តាត​មួយ​ចំនួន​ឲ្យ​មាន​សម្តែង​សិល្បៈ លក់​សម្ភារៈ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រៅ​ពី​សកម្មភាព​កីឡា សឹង​តែ​រាល់​សប្តាហ៍។ ហេតុនេះ​ខ្ញុំគិត​ថា ការ​យក​ទីតាំង​ស្តាត សម្រាប់​តែ​បម្រើ​ផល​ប្រយោជន៍​ជួល​យក​លុយ​ក្រៅ​ពី​សកម្មភាព​កីឡា គួរតែ​ឈប់​ទៅ»៕
















ប្រភព៖ Post Khmer




Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.