
(ភ្នំពេញ)៖ មួយរយៈមកនេះ មានដំណឹងដ៏រសើបមួយ បានសាយភាយពេញរង្វង់សិល្បៈ និងមានការនិយាយតៗគ្នាថា កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា កំពុងតែមានស្នេហាយ៉ាងស៊ីជម្រៅ ជាមួយនឹងប្អូនប្រុសថៅកែហង្សមាស ហើយបុរសម្នាក់នោះមានវ័យប្រមាណជាង៤០ឆ្នាំ មានមុខងារជាឧកញ៉ាទៀតផង។ ទោះបីជាដំណឹងមួយនេះ ពិតឬមិនពិតក៏ដោយ ប៉ុន្ដែវាហាក់ដូចជា កំពុងតែមានភាពក្ដៅគគុកតែម្ដង ដោយអ្នកស្ថិតក្នុងរង្វង់សិល្បៈជាច្រើន បាននិយាយពីមាត់មួយទៅមាត់មួយ ធ្វើឲ្យមហាជនងឿងឆ្ងល់ ជាខ្លាំង ខណៈដែលថ្មីៗនេះ បានបែកធ្លាយដំណឹង គួរឲ្យភ្ញាក់ផ្អើលថា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យយ៉ាងស្ងាត់កំបាំងជាមួយគ្នា រួចទៅហើយ។

ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាល្បី ឱក សុគន្ធកញ្ញា ភ្ជាប់ពាក្យស្ងាត់នៅពេលនេះ មានប្រភពច្បាស់ការ ដែលជាអ្នករួមអាជីពជាមួយបានទម្លាយថា ស្នេហាលួចលាក់រវាង តារាស្រីជួរមុខ កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសថៅកែហង្សមាស គឺឈានដល់ការភ្ជាប់ពាក្យស្ងាត់ៗ មានការដឹងឮពីចាស់ទុំទៀតផង។ ទោះបីជាទិដ្ឋភាពភ្ជាប់ពាក្យ មិនបានទម្លាយឡើងយ៉ាងណាក្ដី ប៉ុន្ដែបើតាមសកម្មភាព និងឫកពាររបស់កញ្ញា ឱក សុគន្ធកញ្ញា គឺអាចបង្ហាញយ៉ាងច្បាស់ថា នាងនឹងប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស ពិតជាមានស្នេហាស៊ីជម្រៅមែន ដោយសារតែគេសង្កេតឃើញថា នាងតែងតែទទួលបានតំណែងក្នុងកម្មវិធីធំៗ និងមានឱកាសចូលរូមសម្ដែងរឿងល្អៗ របស់ហង្សមាស តាមចិត្តនាងចង់បាន ទៀតផង។

បញ្ហាដ៏រសើបនេះ ត្រូវបានប្រភពបានទម្លាយបន្ដថា ដោយសារតែនាងមានទេពកោសល្យមិនធម្មតា និងមានសមត្ថភាពខ្ពស់ បូករួមទាំងមានខ្នងបង្អែកធំផងនោះ បានធ្វើឲ្យតារាចម្រៀងស្រីមួយរូបនេះ នៅតែបន្ដប្រជាប្រិយភាព និងមានឈ្មោះបោះសំឡេង រហូតមកដល់សព្វថ្ងៃ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺចាប់តាំងពី កញ្ញា ឱក សុគន្ធកញ្ញា ដូរឡានទំនើបជិះ និងប្រើរបស់ទំនើបៗ ស្ទើរមិនគួរឲ្យជឿ។

គួរបញ្ជាក់ថា ចំពោះរឿងរ៉ាវដ៏ក្ដៅគគុកនេះ កញ្ញា ឱក សុគន្ធកញ្ញា មិនទាន់ចេញមុខមកបកស្រាយនៅឡើយទេ ហើយនេះគ្រាន់តែជាការទម្លាយ ពីអ្នកសិល្បៈជាមួយនាង តែប៉ុណ្ណោះ។ តែយ៉ាងណាក្ដី តារាចម្រៀងដ៏ល្បីរូបនេះ នឹងចេញមុខបង្ហាញការពិតជាសាធារណៈ ជាក់ជាមិនខាន ដើម្បីស្រាយមន្ទិលសង្ស័យ របស់មហាជន ជុំវិញដំណឹងដ៏រជើបរំជួលមួយនេះ៕

ប្រភព៖ khmertalking.com
0 comments:
Post a Comment