
ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នេះពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្ម លើកុមារមនុស្សចាស់ជរា និងញុះញង់អនិតិជនឲ្យដើរសុំទាន នៅតាមភ្លើងស្តុបនានា ក្នុងក្រុងភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីនៅថ្ងៃទី០១ តុលា ២០១៧ លោកស្រី មុំ ចាន់ដានី ប្រធានស្តីទីនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងស្តារនិតិសម្បទារាជធានីភ្នំពេញ បានសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការប្រមូលអ្នកសុំទាន យកមកសាកសួរ និងស្រាវជ្រាវរកជនជាប់ពាក់ព័ន្ធ រហូតឈនា់ដល់ឃាត់ខ្លួនបុគ្គលិកជាប់កិច្ចសន្យារបស់មន្ទីរសង្គមកិច្ច ចំនួន៣នាក់ ជាអ្នកសហការណ៍ ទទួលយកផលប្រយោជន៍ពីអ្នកសុំទាន និងជារនុកក្នុងផ្តល់ព័ត៌មានដល់អ្នកសុំទាន អោយគេចខ្លួន ពេលសមត្ថកិច្ចចុះបង្ក្រាបផងដែរ ។

ជនសង្ស័យជាប់ពាក់ព័ន្ធចំនួន០៣នាក់កេងប្រវ័ញ្ចពលកម្ម លើកុមារមនុស្សចាស់ រួមមាន ៖ ទី១.ឈ្មោះ ឃុត នឹម ហៅតាលឹម អាយុ៥៥ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា មន្ទីរសង្គមកិច្ច ។ ២.ឈ្មោះ ហឹង សារ៉ូម ហៅ តារុំ អាយុ៤២ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា មន្ទីរសង្គមកិច្ច ។ ៣.ឈ្មោះ សាន សិត ភេទប្រុស អាយុ៤១ឆ្នាំ អតីតជាអ្នកសុំទាន បច្ចុប្បន្នជាអ្នកដើរប្រមូលលុយពីអ្នកសុំទានតាមភ្លើងស្តុប ឲ្យទៅឈ្មោះ ឃុត នឹម ហៅតាលឹម និងឈ្មោះ ហឹង សារ៉ូម ហៅតារុំ ។

តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេបានធ្វើសកម្មភាពប្រមូលលុយ ពីអ្នកសុំទានរៀងរាល់ថ្ងៃ នៅតាមភ្លើងស្តុប ដោយអ្នកសុំទានម្នាក់ត្រូវបង់១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀលក្នុង១ថ្ងៃ ហើយ១សប្តាហ៍ ទើបឈ្មោះសាន សិត យកលុយប្រគល់ឲ្យតាលឹម និងតារុំម្តង ដោយតាលឹមយកចំណែកអ្នកដើរសុំនៅស្តុបអាងទឹក ស្តុបពេទ្យចិន ស្តុបផ្សារដើមគោ និងភូមិសាស្ត្រក្បែរគ្នា រីឯតារុំ យកចំណែកអ្នកដើរសុំនៅស្តុបកាណាឌីយ៉ា ស្តុបបូកគោ និងប៉ែកខាងមាត់ទន្លេ ។

ជនសង្ស័យ បន្តថា ការយកលុយរបស់តាលឹម និងតារុំ ពីអ្នកសុំទាននេះ ជាថ្នូរជាមួយនឹងការផ្តល់ព័ត៌មាន នៅពេលណាដែល មន្ទីរសង្គមកិច្ច និងសមត្ថកិច្ចចុះបោសសំអាតប្រមូលអ្នកសុំទាន អ្នកញៀនថ្នាំ និងក្មេងអានាថាតាមដងផ្លូវ តែបើពួកអ្នកសុំទានទាំងនោះ មិនព្រមបង់លុយឲ្យទេ ឈ្មោះ សាន សិត គម្រាមថា នឹងរាយការណ៍ឲ្យខាងមន្ទីរសង្គមកិច្ច និងសមត្ថកិច្ច ចុះចាប់ពួកគេ ក្នុងនោះក៏មាន អ្នកសុំទានជាច្រើន ពិតជាត្រូវបាន ឈ្មោះ សាន សិត រាយការណ៍ ឲ្យតាលឹម និងតារុំ នាំក្រុមការងារសង្គមកិច្ចចុះបង្ក្រាបមែន ពេលដែលពួកគេមិនព្រមបង់លុយតាមការទាមទារ ។

ចំណាត់ការ របស់លោកស្រី មុំ ចាន់ដានី ប្រធានស្តីទីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការវះកាត់ ដង្កូវចេញពីសាច់ឯង នៅពេលនេះ ពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ដោយមិននឹកស្មាន តាំងខ្លួនជាមេបក្សស្មូម យកលុយប្រចាំថ្ងៃពីអ្នកសុំទានចឹងសោះ ។

អ៊ីចឹងតើបានជា កន្លងមក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានសហការជាមួយមន្ទីរសង្គមកិច្ច និងអង្គការពាក់ព័ន្ធ ធ្វើការចុះប្រមូលអ្នកសុំទាន ជាច្រើនករណីមកហើយ ប៉ុន្តែមិនចេះអស់ ៕








0 comments:
Post a Comment