Monday, September 25, 2017

នារីស្មោះត្រង់ ជិះកង់ប៉ះឡានទំនើបហើយមិនរត់ ម្ចាស់ឡានមកដល់ បោះពាក្យសម្តីធ្វើឲ្យនាងអួលដើម_ក


ចិន៖ កាលពីថ្ងៃទី២ កញ្ញា ២០១៧កន្លងទៅ និស្សិតស្រីម្នាក់មកពីខេត្តយូណាន បានទទួលអាហាររូបករណ៍ ក្រោយពេលនាងបានរង់ចាំអស់រយៈពេលដល់ទៅ១ម៉ោង នៅក្បែរឡានមួយគ្រឿងដែលនាងបានធ្វើឲ្យឆ្កូត ។

នៅពេលកើតហេតុនោះ និស្សិតស្រីវ័យ១៨ឆ្នាំត្រកូល Zhang ទើបនឹងចេញពីចុះឈ្មោះនៅសាលា បានជិះកង់តម្រង់ទៅធនាគារ ដើម្បីបើកប្រាក់ឧបត្ថម្ភរបស់នាង។ នៅពេលកំពុងធ្វើដំណើរ មិនប្រយ័ត្នក៏បានធ្វើឲ្យឆ្កូតឡានទំនើបសេរ៊ី Lexus ES 350 មួយគ្រឿងដែលចតនៅចំណតឡាន។ នាងពិតជាភ័យស្លន់ស្លោរខ្លាំងមែនទែន ប៉ុន្តែនាងមិនបានរត់ទៅណាទេ។ នាងសុខចិត្តនៅចាំក្បែរឡាននោះ រហូតដល់ម្ចាស់ឡានមកដល់តែម្តង។ បន្ទាប់ពីការរង់ចាំអស់រយៈពេលមួយម៉ោង ក្រោមកម្តៅថ្ងៃរួចមក ម្ចាស់ឡានក៏បានបង្ហាញខ្លួនមក។

នាងក៏បានបង្ហាញភាពក្លាហាន និងនិយាយទៅកាន់ម្ចាស់ឡានថា៖
“ពូ! ពូជាម្ចាស់ឡាននេះមែនទេ? ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។ ខ្ញុំបានជិះកង់ប៉ះឡានរបស់ពូ ហើយក៏ធ្វើឲ្យឆ្កូតបែបនេះ ដូច្នេះខ្ញុំក៏សុខចិត្តនៅចាំពូនៅទីនេះ”។



និស្សិតស្រីវ័យ១៨ឆ្នាំមួយរូប ឈ្មោះថា Zhang

ម្ចាស់ឡានត្រកូល Zang ដែលជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ បានឃើញមានស្នាមឆ្កូត៣កន្លែង នៅលើទ្វារឡានរបស់លោកពិតមែន។

លោកបាននិយាយថា៖
“ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ នៅពេលដែលឃើញក្មេងស្រីម្នាក់ឈរក្បែរឡានរបស់ខ្ញុំ។ នាងមើលទៅដូចជាភ័យស្លន់ស្លោរ និងខ្លាចខ្លាំងមែនទែន។ នៅពេលដែលខ្ញុំដឹងថា នាងបានរង់ចាំខ្ញុំក្រោមកម្តៅថ្ងៃអស់រយៈពេលមួយម៉ោង ខ្ញុំតក់ស្លុតក្នុងចិត្តតែម្តង។ ខ្ញុំក៏បានប្រាប់នាងថា ខ្ញុំមិនត្រូវការប្រាក់សំណងទេ”។

ឮបែបនេះនិស្សិតស្រី Zhang មានទឹកចិត្តរំភើបត្រេកអរយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកទៀតផង។ ខណៈដែលរាងកាយជោកជាំទៅដោយញើស នាង​បានឱនក្បាលគោរព និងអរគុណលោក Zang ដែលមិនបានយកទោសពៃអ្វីឡើយ។

ការសន្ទនារវាងអ្នកទាំងពីរបានធ្វើឲ្យលោក Zang ដឹងថា ក្មេងស្រីម្នាក់នេះ គឺជាកូនរបស់គ្រួសារក្រីក្រ ហើយប្រាក់ដែលនាងយកទៅបង់ថ្លៃសិក្សាចំនួន ៨ ០០០យ័ន (ប្រហែល១ ២០០ដុល្លារ) ​គឺជាប្រាក់កម្ចីពីធនាគារផងដែរ។



ឡានទំនើប សេរ៊ីLexus ES ៣៥០

មិនយូរប៉ុន្មានរឿងហេតុទាក់ទងនឹងក្មេងស្រីស្មោះត្រង់នេះ ក៏បានលេចឮដល់នាយកក្រុមហ៊ុនដែលលោក Zang កំពុងធ្វើការ។ លោកនាយករូបនោះ ពិតជាពេញចិត្តភាពក្លាហាន និងភាពស្មោះត្រង់របស់យុវតី Zhang ខ្លាំងមែនទែន។

លោកនាយកបាននិយាយថា៖
“ឡានដែលបានធ្វើឲ្យឆ្កូតនោះគឺម៉ាក Lexus ដែលមានតម្លៃប្រហែល ៧០០ ០០០យ័ន (ប្រហែល ១០៦ ០០០ដុល្លារ) ហើយបើតាមការប៉ាន់ស្មាន ថ្លៃជួសជុលស្នាមឆ្កូតនោះ យ៉ាងហោចណាស់ក៏២ ០០០យ័ន (ប្រហែល ៣០០ដុល្លារ) ដែរ។ គ្រួសាររបស់នាងកំពុងមានបញ្ហាហិរញ្ញវត្ថុ។ បើសិនជាយើងឲ្យនាងសង វាប្រៀបដូចជាយកអំបិលទៅលាបនៅលើរបួសយ៉ាងអ៊ីចឹង។ ដូច្នេះពួកយើងមិនត្រឹមតែមិនឲ្យនាងសងទេ ពួកយើងក៏បានជួយនាងឲ្យរៀនដល់ចប់រយៈពេល៤ឆ្នាំដោយជោគជ័យទៀតផង”។

ក្រៅពីថ្លៃសិក្សាទាំង៤ឆ្នាំ និស្សិតរូបនេះត្រូវបានផ្តល់ឱកាសឲ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអចលនទ្រព្យនោះតែម្តង បើសិនជានាងរៀនចប់ ហើយមានចំណាប់អារម្មណ៍ជាមួយការងារ។

ភាពស្មោះត្រង់ និងការទទួលខុសត្រូវរបស់កញ្ញា Zhang គឺជាទង្វើដែលកម្រមានណាស់ នៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណា សូមជូនពរឲ្យនាងអាចបញ្ចប់ការសិក្សាដោយជោគជ័យ និងរកបានការងារល្អ៕
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.