
បើសិនជាយើងឃើញតាមការផ្សព្វផ្សាយពី ផ្សារអណ្តែតទឹកនៅថៃ អ្នកទាំងអស់គ្នាប្រាកដជានឹកក្នុងចិត្តថា ស្អាតអស្ចារ្យណាស់ ដែលមើលទៅហាក់បីដូចជាក្នុងទឹកដ៏ស្រស់ស្អាត មានទេសភាពស្រស់បំព្រងហើយមើលទៅ។ ហើយតាមរយះការផ្សព្វផ្សាយមួយនេះមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកមិនធ្លាប់បានទៅ តែនៅពេលដែលបានទៅតែម្តងហើយ អាចថ្ងៃក្រោយលែងចង់ទៅទៀតហើយដោយសារតែវាមិនដូចអ្វីដែលឃើញតាមការផ្សព្វផ្សាយ។
ក្នុងនោះផងដែរ បើតាមបទពិសោធន៍ផ្ទាល់អ្នកដែលធ្លាប់ទៅលេងកម្សាន្តនៅ ផ្សារអណ្តែតទឹក Damnoen Saduak Floating Market នៅខេត្ត រ៉ាច្ឆៈបូរីប្រទេសថៃ គឺថាផ្សារអណ្តែតទឹកនេះ គ្រាន់តែជាប្រឡាយទឹកតូច ដែលត្រូវបានកែច្នៃទាក់ទាញអ្នកទេសចរណ៍ប៉ុណ្ណោះ។ ក្នុងភ្ញៀវទេសចរណ៍ម្នាក់ត្រូវបង់ប្រាក់ថ្លៃសំបុត្រចំនួន ១ ០០០ បាត ដើម្បីជិះទូករយៈពេលមួយម៉ោងមើលផ្សារអណ្តែតទឹក។

បើនិយាយពីទេសភាពនៅតាមមាត់ប្រឡាយទឹកវិញ គឺមានផ្ទះអ្នកភូមិ, Resort, វត្ត, តូបលក់ឥវ៉ាន់លើទឹក, ចម្ការចេក និងដូងជាដើម តែអ្នកអាចចូលទៅទស្សនាក្នុងវត្តមួយនៅតាមប្រឡាយទៅផ្សារអណ្តែតទឹក ដោយទីនោះមានត្រីជាច្រើនហែលមករកចំណី ដែលអ្នកទេសចរណ៍បោះឲ្យ។
ចំណែកឯអ្នកលក់ឥវ៉ាន់លើទឹកនោះ គ្មានអ្វីប្លែកឡើយ ហើយតម្លៃគឺខុសគ្នាដូចមេឃនឹងដី ពីផ្សារលើគោក ពោលគឺឥវ៉ាន់តម្លៃគុណជាពីរឬបី។ ពេលជិះទូកតាមផ្លូវ មានអ្នកលក់ប្ហូប បង្អែម នំ ផ្លែឈើសព្វមុខ ដែលអាចឲ្យអ្នកទិញភ្លក់ញាំបាន គ្រាន់កម្សាន្តអារម្មណ៍។ លើសពីនេះអ្នកអាចចូលទៅកន្លែងកែច្នៃស្ករចេញពីផ្កាដូង ដែលពេញនិយមបំផុតសម្រាប់ប្រជាជននៅតំបន់នោះ។ ក្លិននិងរសជាតិទឹកផ្កាដូងនោះ ពិតជាដូចគ្នាមែនទែនទៅនឹងទឹកត្នោតខ្មែរ។

ចង់និយាយឲ្យខ្លីថា បើអ្នកស្រមៃថាទិដ្ឋភាពផ្សារអណ្តែតទឹកស្រស់ស្អាតដូចបានឃើញលើ Google អាចនឹងខកចិត្តបន្តិច តែបើអ្នកចង់ប្តូរបទពិសោធន៍ពីការដើរលេងតាមផ្សារលើគោក មកជិះទូកទិញឥវ៉ាន់វិញ ផ្សារអណ្តែតទឹកនេះជាជម្រើសគួរពិចរណា តែត្រូវត្រៀម ១ ០០០ បាតមើលទិដ្ឋភាពដែលបានរៀបរាប់ខាងលើ។ បើអ្នកមានគ្នា ៥ នាក់ អាចជិះតាក់ស៊ីពីបាំងកក ដោយតម្លៃទៅមកថ្លៃ ៨០០ បាត ដូច្នេះម្នាក់ត្រូវចាយអស់ខ្ទង់ ១៦០បាត និងប្រើពេល ២ម៉ោងទើបទៅដល់។ ថ្ងៃដែលមានមនុស្សច្រើនគឺសៅ និងអាទិត្យ។

យ៉ាងណាថៃធ្វើបានល្អក្នុងការចេះកែច្នៃប្រឡាយទឹក ធ្វើផ្សារអណ្តែតទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយប្រជាជនរកចំណូលបានច្រើនថែមទៀតផង តែតម្លៃសំបុត្រម្នាក់ ១ ០០០ បាតចូលទស្សនា ហាក់ថ្លៃបន្តិចហើយ។
បើអ្នកប្រុងនឹងចំណាយ ១ ០០០ បាត ក្នុងម្នាក់ទៅមើលផ្សារអណ្តែតទឹក ក្រុមការងារយល់ថា អ្នកគួរគិតឲ្យច្បាស់សិន ឬក៏យកលុយ ១ ពាន់បាតនោះ ទៅដើរផ្សារទិញខោអាវនិងរបស់របរផ្សេងវិញល្អជាង៕





0 comments:
Post a Comment