Friday, November 3, 2017

កូន​ខ្មែរ​ប្រយ័ត្ន​បរទេស​សួរ ឆ្លើយ​មិន​រួច តើ​ពាក្យ​ថា កម្ពុជា មានន័យ​យ៉ាងណា ? ហើយ​កើតចេញពី​ពេលណា​មក នរណា​ជា​អ្នកបង្កើត​ឈ្មោះ​នេះ​ឡើង ?



កូន​ខ្មែរ​ប្រយ័ត្ន​បរទេស​សួរ ឆ្លើយ​មិន​រួច តើ​ពាក្យ​ថា កម្ពុជា មានន័យ​យ៉ាងណា ? ហើយ​កើតចេញពី​ពេលណា​មក នរណា​ជា​អ្នកបង្កើត​ឈ្មោះ​នេះ​ឡើង ?
កម្មវត្ថុ​នៃ​អត្ថបទ​នេះ គឺ​ដើម្បី​បង្ហាញ អំពី​ប្រវត្តិ និង សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ ក៏ដូចជា​ផ្នែក​រូបារម្មណ៍រ​បស់ពាក្យ​កម្ពុជា​ដែល បុព្វការី​ខ្មែរ​បាន​បង្កើតឡើង​ដោយ​សិល្ប៍​វិធី ដោយ​ពឹង​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​តាំង​ឈ្មោះ​នៃ​ទឹកដី​កំណើត​របស់​ជាតិ​សាសន៍​ខ្លួន តាំងពី​អតីតកាល​មួយ​ដ៏​យូរលង់ ។​​ដើម្បី​បំភ្លឺ​ដោយ​ត្រួសៗ នូវ​ប្រភព​នៃ​ពាក្យ កម្ពុជ ឬ កម្ពុជា ហើយ​ដើម្បី​កំណត់​បរិវេណ​នៃ​ការសិក្សា យើង​ត្រូវ​ជ្រើសរើស យកតែ​សិលាចារឹក​សំខាន់ៗ មក​ពិនិត្យ​ប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះ យើង​ក៏​ធ្វើការ​វិភាគ​ថ្មី​មួយ ដោយ​ពឹងផ្អែក លើ​ការបកស្រាយ​មួយចំនួន ធ្លាប់មាន​ពីមុនមក ដើម្បី​ផ្តល់នូវ​ពន្លឺ​ថ្មី ជុំវិញ​ប្រធានបទ​ខាងលើ ។


ជាបឋម ត្រូវ​ជ្រាបថា ក្នុង​ភាសា​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរ មាន​ច​ម្លា​ស់​ស័ព្ទ “​វ​” និង “​ព​” ។ ដូច្នេះ​ពាក្យ កម្ពុ​, កម្ពុជ​, កម្ពុជា សព្វថ្ងៃនេះ ក្នុង​សិលាចារឹក សរសេរ ក​ម្វុ ឬ ក​ម្វុ​ជ ទៅវិញ ។ ចំពោះ​ពាក្យ ទេស វិញ វា​ក៏​ជា​ពាក្យ​សំស្ក្រឹត​ដែរ មានន័យថា ប្រទេស​, នគរ ឬ​អាណាចក្រ ។​​ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​មូលហេតុ​ដែល​អាច​ឲ្យ​យើង​កំណត់​បានច្បាស់លាស់​ថា ប្រជាជន​ខ្មែរ​ដើម្បី​ហៅ​ទឹកដី​ស្រុកកំណើត​របស់ខ្លួន ជួនកាល ប្រើពាក្យ​ប្រទេស​, នគរ​,​ចក្រភព​ខ្មែរ ដោយ​ជួនកាល​ទៀត​ក៏​ប្រើពាក្យ​ស្រុក​, ក្រុង​, ទឹកដី ឬ​ដែនដី ដែលជា​ស័ព្ទ​មន​ខ្មែរ ស្រប​នឹង​ន័យ​ក្នុង​ភាសាសំស្ក្រឹត​ដែរ ។ ឧទាហរណ៍ ពាក្យ​ប្រទេស​ខ្មែរ ក៏​មានន័យ​ដូចគ្នា​នឹង​ពាក្យ ស្រុក​ខ្មែរ​ដែរ ។
១.​ប្រភព​សិលាចារឹក

យើង​ត្រូវ​ទទួលស្គាល់ថា​គេ​បានដឹង​ជា​ហូរហែរ​ច្រើនណាស់​មកហើយ ពី​ប្រភព​នៃ​ពាក្យ​ក​ម្វុ (​កម្ពុ​)​។ តាមពិតទៅ​ពាក្យ នេះ​ត្រូវបាន​សិក្សា​វិភាគ​មុនគេ​ដំបូងបង្អស់​ដោយ លោក​ហ្ស​កសែ​ដេ​ស ក្នុង​អត្ថបទ​មួយ ដ៏​ល្បីល្បាញ ស្តីពី ប្រភព​នៃ​ព្រះ​រាជ្យ​វង្សានុវង្ស សម័យអង្គរ ។ លោក​បាន​ទទួលស្គាល់ថា ពាក្យ ក​ម្វុ​នេះ​ជា​ពាក្យ​សំស្ក្រឹត មានន័យថា ខ្យងស័ង្ខ សមុទ្រ ដែលជា​កេ​តន​ភ័​ណ្ឌ របស់​ព្រះ​វិស្ណុ ។ មួយវិញទៀត​ពាក្យ​នេះ ក៏​ជា​ឈ្មោះ​របស់ មហាឥសី​ដែល​បាន​បង្កើត ទឹកដី និង ប្រវត្តិសាស្ត្រ​កម្ពុជា​ដែរ បើ​យោងតាម​ខ្លឹមសារ នៃ​សិលាចារឹក​ប្រាសាទ​បក្សី ចាំ​ក្រុង​ចារ​នៅ​ឆ្នាំ ៩៤៧ ។ ជុំវិញ​បញ្ហា​នេះ លោក​បានបញ្ជាក់​បន្ថែម​ថា ពាក្យ​ខ្មែរ ត្រូវ​បានកើត​ដោយ​ការរួម​ផ្សំគ្នា រវាង​ពាក្យ ក​ម្វុ ដែលជា​ព្រះ​ស្វាមី និង មេ​រា ព្រះ​មហេសី ផងដែរ ដែលជា​អំណោយ​ដ៏​ពិសិដ្ឋ​របស់​ព្រះ​វិស្ណុ ។
នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​យើង​ដឹងថា បន្តិច​ម្តងៗ ឈ្មោះ​របស់​បព្វជិត​តា​មហាឥសី​ក​ម្វុ​នេះ បានក្លាយ​ទៅជា​ឈ្មោះ​របស់​ប្រទេស​ខ្មែរ​គឺ ក​ម្វុ​ទេស ដែល​ត្រូវគេ​ស្គាល់​ជា​ផ្លូវការ តាមរយៈ​សិលាចារឹក K400 មាន​កាលបរិច្ឆេទ ឆ្នាំ ៨៦៨ នៅ ប​អ៊ី​កា ក្នុង​ខេត្ត​នគររាជ​សិ​មា ប្រទេស​ថៃ​បច្ចុប្បន្ន​។ ការដាក់​ឈ្មោះ​ក​ម្វុ​ទេស បែបនេះ នា​សម័យ​ចេនឡា ឬ​ជួនកាល​ទៀត​ក​ម្វុ​ជ​ទេស ដូច​ករណី​សិលាចារឹក​នា​សម័យអង្គរ ចារ​នៅ​វត្ត​សំរោង ស្រុក​បាភ្នំ​, ខេត្ត តាកែវ ក៏​ដើម្បី​រំលឹក​ដល់​ប្រវត្តិ​នៃ​ការកកើត នៃ​ប្រទេស​ខ្មែរ​ដែរ ពោលគឺ​ការរួម​សង្វាស​រវាង​សមាសធាតុ​ឥណ្ឌា​តំណាង​ដោយ​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ខ្មែរ តំណាង​ដោយ​ព្រះ​នាង​មេ​រា ឬ​នាងនាគ ដែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី ។
មានន័យថា ទឹកដី​ខ្មែរ គឺជា​ទឹកដី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះ​ហ​ស្ថ​របស់​តា​មហាឥសី ក​ម្វុ​(​កម្ពុ​) និង​ព្រះ​នាង​មេ​រា ដើម្បី​ទុកជា​កេរ្តិ៍​ដល់ កុលបុត្រ កុលធីតា ខ្មែរ​ដែលជា​កូនចៅ​។ ម្ល៉ោះហើយ​បានជា​មានការ​ប្រើពាក្យ​ខ្មែរ​ជា​ទេវ​នាម ជា​លើកដំបូង​បង្អស់ នៅក្នុង​សិលាចារឹក K.227 ក្នុងន័យ​ជា​កូនចៅ​របស់ មហាឥសី​កម្ពុ និង​ព្រះ​នាង​មេ​រា ដែល​បាន​ក្លាយជា ស្ថាន​នាម យ៉ាង​ប្រាកដ ។​​បើតាម​ការស្រាវជ្រាវ យើង​ក៏​ដឹង​ទៀតថា ពាក្យ​ចក្រភព​ក​ម្វុ​ជ​ទេស (​ប្រទេស​ខ្មែរ​ដែលជា​ចក្រភព ឬ មហា​ប្រទេស​) ទើបតែ​ត្រូវបាន​និយម ប្រើប្រាស់​នៅក្នុង​រាជ្យ​របស់​ស្តេច ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ( ៨០២-៨៥០​គ​.​ស​) ដែលជា​ស្តេច​ចក្រ​វា​ទិន ។ កុំភ្លេចថា ស្តេច​ដ៏​ខ្លាំងពូកែ​អង្គ​នេះ បាន​ផ្តើម ការបង្រួបបង្រួម​ដែនដី ចេនឡា​ន​ទឹក នឹង ចេនឡា​គោក​​ឲ្យ​ក្លាយជា​ធ្លុង ឬ​ជា​ទឹកដី​តែមួយ​។

២.​បដិមា​សាស្ត្រ
ស្រប​នឹង​ទិន្នន័យ សិលាចារឹក​នេះដែរ ដែល​បានបញ្ជាក់​ន័យ​នៃ​ពាក្យ​កម្ពុជា យ៉ាង​ច្បស់​លាស់ នៅមាន​កត្តា​ផ្សេងៗ មួយចំនួន ក្នុងនោះ​រួមមាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ នា​សម័យ​នគរ​ភ្នំ ក្នុងអម្លុង​ស​.​តទី​៦ នៃ​គ​.​ស​ផងដែរ ។​​ខ្លឹមសារ​នៃ​សិលាចារឹក ពី​សម័យ​បុ​រេ​អង្គរ ដល់​សម័យអង្គរ គឺជា​ភស្តុតាង យ៉ាងសំខាន់​ពាក់ព័ន្ធ ទៅនឹង​ការប្រើ​ពាក្យ ក​ម្វុ​ជ ដើម្បី​ហៅ​ប្រទេស​ខ្មែរ​ក្នុងន័យ​ដែលថា​ប្រទេស​បង្កើតឡើង ដោយ​មហាឥសី ក​ម្វុ ឬ​ជា​ប្រទេស​របស់​ពួក​ក​ម្វុ ។ ដូចនេះ យើង​អាច​និយាយបានថា ពាក្យ​ក​ម្វុ​ជា​ក្នុងសង្គម​បុរាណ ជា​ពាក្យ​មួយ​បង្កប់​ទៅដោយ​អត្ថន័យ​ដ៏​ពិសិដ្ឋ ដោយហេតុថា ជា​ទឹកដី របស់​មហាឥសី​ដ៏​មាន មហិទ្ធិឫទ្ធិ​អស្ចារ្យ ។ ជា​ឧទាហរណ៍ ក្នុង​សិលាចារឹក ស្តុក​កក់ធំ​ចារ​នៅ​ឆ្នាំ ១០៥២​នៃ គ​.​ស (K.935) នៅ​ខេត្ត​ស្រះកែវ ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន តែ​ជា​អតីត​ទឹកដី​ខ្មែរ​ពីមុន​គេ​ឃើញ​មានការ​ប្រើពាក្យ​ព្រះ​ក​ម្វុ​ជ​ទេស ។

អាស្រ័យ​ហេតុនេះហើយ បានជា​យើង​អាច​និយាយបានថា ជា​ប្រពៃណី រាល់​ជនជាតិ​សុទ្ធសឹងតែ​ដាក់ឈ្មោះ ទឹកដី ស្រុកភូមិ​កំណើត ឬ​ប្រទេស ដែល​បាន​ឲ្យ​កំណើត​ឲ្យ​ខ្លួន យ៉ាងណាមិញ ជនជាតិខ្មែរ​ក្នុង​អតីតកាល​ក៏​ដូច្នោះ​ដែរ ។ ដូច្នេះ​ការដាក់​ឈ្មោះ​ប្រទេស របស់ខ្លួន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជាតិ​នីមួយៗ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការដាក់​ឈ្មោះ ក​ម្វុ​ជ​ទេស ឬ ប្រទេស​កម្ពុជា​ខាងលើនេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ គួរ​ឲ្យ​យើង​យកមក​វិភាគ ស៊ីជម្រៅ ។
នៅទីនេះ យើង​ចង់​និយាយថា ការដាក់​ឈ្មោះ ក​ម្វុ​ជា ទំនងជា​ជំនួស​ឈ្មោះ​គោកធ្លក ដែល​ត្រូវ​បានអនុម័ត​ឡើង​នា​សម័យ នគរ​ភ្នំ និង ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​គោលការណ៍ ដ៏​ជាក់ច្បាស់ ដោយ​សម​ហេតុផល ជាទីបំផុត ។ ដើម្បី​ជា​ភស្តុតាង ជាក់ស្តែង សូម​ពិនិត្យ​ពាក្យ ហរិ​ក​ម្វុ​ជេ​ន្ទ្រៈ ដែលជា​ឈ្មោះ​ព្រះអាទិទេព​ចម្បង​សំខាន់​ជាងគេ​បំផុត នៅលើ​ប្រាសាទភ្នំដា នា​សម័យ​នគរ​ភ្នំ ដែលជា​ប្រាសាទ​រាជនៃ​ព្រះ​រាជធានី​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ​ក្នុង​ខេត្តតាកែវ បច្ចុប្បន្ន​។
សូម​រំលឹកថា ក្នុងចំណោម​ចម្លាក់​ទេវរូប​ហរិ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ដែល​តំណាង​ព្រះ​វិស្ណុ​ទៅក្នុង​សម័យបុរាណ ចម្លាក់​នៅ​ប្រាសាទ​ខាងលើ​មាន​ទំហំ​ធំជាងគេ​បំផុត ដោយមាន​កំពស់​ទៅដល់ ២,៩០ ម៉ែត្រ ដែល​សព្វថ្ងៃ​តំកល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ការស្ថាបនា នូវ​ចម្លាក់​ថ្ម ដ៏​សម្បើម​នេះ ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​មិន​ធ្លាប់​ជួបប្រទះ​នោះ អាច​នឹង​ធ្វើឡើង​ទៅបាន លុះត្រា​តែមាន​ជាង​ជំណានៗ ដ៏​ច្រើន និង​មាន​ភាព​ស្ទាត់ជំនាញ ទាំង​បច្ចេកទេស ទាំង​បញ្ញាញាណ ។
ជុំវិញ​ចម្លាក់​ព្រះ​វិស្ណុ​ក​ម្វុ​ជេ​ន្ទ្រៈ ដូច​លោក​សាស្ត្រ​ចា​រ្យ ឡុង សៀម​ដែរ យើង​មាន​យោបល់​ថា ពាក្យ​នេះ គឺជា​ពាក្យ​តំណាង​ឲ្យ​ទេវ​នាម​និង ស្ថាន​នាម​។ ឧទាហរណ៍​ជាក់ស្តែង តាម​សិលាចារឹក K.272 នា​សម័យ​បុ​រេ​អង្គរ យើង​អាច​យល់​អំពី​បំណង និង អត្ថន័យ ដែល​ខ្មែរ​ពេញនិយម ចំពោះ​ពាក្យ​ក​ម្វុ​រា​ជល​ក្ម្សី និង​ពាក្យ​ក​ម្វុ​បុរី ឬ​ទី​ក្រុងក​ម្វុ​ក្នុង​សិលាចារឹក​នា​សម័យ អង្គរ K.283 ។​​ការបង្ហាញ​នេះ ថ្វីត្បិតតែ​មាន​សភាព​ជា​សេចក្តី​ខ្លី ក៏ប៉ុន្តែ​យើង​ក៏​មិនត្រូវ​មើលរំលង​នូវ​អត្ត​ន័យ​ស៊ីជម្រៅ​នៃ​ពាក្យ​ទាំង​នោះដែរ ។ ចំពោះ​យើងៗ​មាន​យោបល់​ថា ការយក​ឈ្មោះ​ទេវ​មក​ភ្ជាប់​នឹង​ស្ថាន​នាម​គឺ​ប្រទេស (​ក​ម្វុ​ជ​) បែបនេះ គឺធ្វើឡើង​ដើម្បី​បង្ហាញ​ភាព​ដ៏​រឹងមាំ ឬ​ភាព​អមតៈ​នៃ​ប្រទេស​កម្ពុជា មានន័យថា​ដរាបណា​ព្រះ​បដិមា​នេះ​ដែលជា​ព្រះ​អាទិ ទេព នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គង់វង្ស​ស្ថិតស្ថេរ​ដរាប​នោះ ប្រទេស​ខ្មែរ​ក៏​នៅ​ស្ថិតស្ថេរ​ដដែល ដែរ ។

ជាការ​ពិតណាស់ សម្រាប់​សាសនិកជន​ខ្មែរ នា​ជំនាន់​នោះ ការហៅ ពាក្យ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ​នេះ ដែល​កវី​បណ្ឌិត​បាន​បង្កើត​ដោយ​គោលការណ៍​និយម យ៉ាងច្បាស់​លាស់ នា​សម័យ​បុ​រេ​អង្គរ បាន​បង្កប់​នូវ​រូបារម្មណ៍​ដ៏​ជ្រាលជ្រៅ និង​ដ៏​ឧត្តុង្គឧត្តម​បំផុត ។ ក្រៅពី​អំណាច​ពិសិដ្ឋ អំណាច​សីលធម៌ និង​គុណធម៌​ឥត​ត្រើយត្រាន ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ក៏​បំពេញ ក្នុង​អតីត​នូវ​តួនាទី ជា​អត្ថិភាព​មួយទៀត គឺ​ការ​ផ្សៈ​ផ្សា​បង្រួបបង្រួម​ជាតិ​តាមរយៈ​ជំនឿ ។​​គោលបំណង ចម្បង​គឺ ក៏​ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​នេះ ប្រកបដោយ​ភាព​ខ្ទ័រ​ខ្ទា ទូទាំង​ចក្រភព​ខ្មែរ ដោយ​ធ្វើ​ឲ្យ​គេ​គោរព​កោតខ្លាច រំភើប​ញាប់​ញ័រ កាលបើ​ស្តាប់​ឬ ឮ​ពាក្យ​នេះ ។ មានន័យថា​សត្រូវ​មិន​ហ៊ាន​បៀតបៀន ឬ​មើលងាយ​ជាតិ​សាសន៍​ខ្មែរ ដែល​ប្រកបដោយ​គុណសម្បត្តិ​ទាំង​ប៉ុន្មាន​ដូច​ពោល​ខាងលើ​បានឡើយ ។

ប្រសិនបើ​យើង​រស់នៅក្នុង​រង្វង់​សហគមន៍​មនុស្ស​នា​ជំនាន់​នោះ យើង​ពិត​ជាមាន​អារម្មណ៍​ដូច្នេះ​ពុំខាន ដោយ​រកឃើញថា សង្គម​វប្បធម៌​តម្រូវ​ឲ្យ​មាន​ជំនឿ​បែបនេះ ។ ទាំងនេះ មិន​គ្រាន់តែ​បានធ្វើ​ឲ្យ​កូន​កម្ពុជា ឬ​ខ្មែរ​គ្រប់រូប​មាន​ទឹកចិត្ត​ជ្រះថ្លា មាន​សីលធម៌ និង គុណសម្បត្តិ​ខ្ពស់ ដោយមាន ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង និង​លើ​ជាតិ​ឯង ក្នុងនាម​ជា​កម្ពុជា ឬ​ជា​ខ្មែរ​តែប៉ុណ្ណោះ​ទេ លើសពីនេះ​ទៀត ភាព​សាមគ្គី​រវាង​គ្នា​នឹង​គ្នា ដោយសារតែ​ចំណង​ជំនឿ​ប្រពៃណី បាន​ចង​ជាប់​ពួកគេ​ឲ្យ​រួមរស់​ជា​ធ្លុង​មួយ ។ នេះ​ជា​និមិត្តរូប​មួយ​យ៉ាងសំខាន់ ដែល​ការ​គោរពបូជា​ព្រះ​វិស្ណុ​លើ​កំពូលភ្នំ​ដា បានផ្តល់​ឲ្យ​ក្នុង​អតីតកាល​ដ៏​យូរលង់ ។ បើ​និយាយ​ម្យ៉ាងទៀត វត្តមាន​របស់​ចម្លាក់​នេះ គឺជា​និមិត្តរូប​នៃ​ការប្រមូលផ្តុំ​កម្លាំង​របស់​ជាតិខ្មែរ​ទាំងមូល តាមរយៈ ជំនឿ​សាសនា ។

ម្យ៉ាងទៀត ឆន្ទៈ​នេះ​ក៏​អាច​គូសបញ្ជាក់ ដូច​ទើប​ពោល តាមរយៈ​នៃ​ទំហំ​នៃ​ព្រះ​បដិមា​បុរាណ​នេះ ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើយ ។ កុំភ្លេចថា​អត្ថន័យ​នៃ​ការ​គោរពបូជា គឺជា​ចលនា​បួងសួង​ឲ្យ​ប្រទេសជាតិ ឬ មនុស្ស​ខ្មែរ​គ្រប់រូប​បានតែ​សេចក្តីសុខ សេចក្តី​រុងរឿង ថ្កើ​ន​ថ្កាន​។ ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ធ្វើ​ឲ្យ​មាន​សាមគ្គីភាព រវាង​ប្រជានុរាស្ត្រ និង ប្រមុខ​ដឹកនាំ​ជាតិ គឺ ព្រះមហាក្សត្រ និង​សព្វ​នាម៉ឺន មន្ត្រី ដែលជា​មេ​ស្ថាប័ន ឬ​ជា​អ្នកដឹកនាំ​ជាតិ ។​​បើ​និយាយ​ម្យ៉ាងទៀត ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ បាន​បំពេញ តួនាទី​មួយ​យ៉ាងសំខាន់ គឺ​ការពង្រឹង​ពង្រីក​ស្ថាប័ន​អំណាច​របស់​ព្រះមហាក្សត្រ​រាជេន្ទ្រ​វរ្ម័ន តាមរយៈ​រូបចម្លាក់​ដែលមាន​ព្រះនាម​របស់​ទ្រង់​គឺ វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ។

ខាងលើនេះ​ក៏​ជា​ឧបករណ៍ មួយ​ដ៏​កម្រ បង្ហាញ​នូវ​ទេពកោសល្យ និង​បញ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់ ក្នុងការ​បង្កើត​ពាក្យ​មួយ​ដែល​មិន​គ្រាន់តែ​តំណាង​ឲ្យ​ប្រទេស​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​តំណាង​ឲ្យ​ព្រះអាទិទេព​ក៏មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ ព្រមទាំង​ព្រះមហា ក្សត្រ​គ្រប់គ្រង​អំណាច​ផងដែរ ។​​រួម​សេចក្តី​មក ព្រះ​វិស្ណុ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ខាងលើ​គូសបញ្ជាក់​ឲ្យ​យើង​ឃើញ​នូវ​លក្ខណៈ ពិសិដ្ឋ ដ៏​ឧត្តុង្គឧត្តម និង​សក្កា នុព​ល នៃ​កម្លាំង ពិសិដ្ឋ ស័ក្តិសិទ្ធិ របស់​ប្រទេស​ខ្មែរ ដែលជា​ទឹកដី​របស់​ព្រះ (​មហាឥសី​កម្ពុជ និង​នាង​មេ​រា​) ។ កុំភ្លេចថា​ពាក្យ​ក​ម្វុ​ជ​ជេ​ន្ទ្រៈ ពិតជា​បង្ហាញ​ពី​ការបង្រួបបង្រួម​ជាតិខ្មែរ យើង​វិញ​ជុំវិញ ព្រះអាទិទេព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម រូបភាព នៃ​ព្រះ​វិស្ណុ ដែល​គេ​តម្កល់​នៅក្នុង​ប្រាសាទ​ឥដ្ឋ​ភ្នំ​ដា​ក្នុងអម្លុង ស​.​តទី ៦ នៃ​គ​.​ស ។​​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បានអោយដឹងថា​តាមពិតទៅ​ចំលាក់​ព្រះ​វិស្ណុ​ដែល​ធំ ជាងគេ​បំផុត​នោះ​ក៏​តំណាងអោយ​ព្រះ​សិវ​ដែរ​។ ដែលមាន​រហ្ស​សនាម​ថា​វិ​ស្វ​រូប ។​(​ម​.​ត្រា​ណេ​)
Loading...

0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.